(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣០,៨៨៣នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១២២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៧,៤៦៦,៧១៨ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៧,៥៦១នាក់ និងជាសះស្បើយឡើងសរុប ៣០.១៥លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
ចំពោះមុខការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំងសហរដ្ឋអាមេរិក លោក ហ្វ្រែនស៊ីស ខូលលីនស៍ (Francis Collins) នាយកវិទ្យាស្ថានជាតិសុខាភិបាល (NIH) នៃសហរដ្ឋអាមេរិកបាននិយាយថា ចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃអាចនឹងលោតដល់ ២០០,០០០នាក់ក្នុងមួយថ្ងៃ នៅទូទាំងសហរដ្ឋអាមេរិក ខណៈវីរុសបំប្លែងថ្មី Delta កំពុងតែជំរុញដំណើរការនេះ ដោយវាមិនទាន់មានសញ្ញា នៃការឈានដល់ចំណុចកំពូលនោះឡើយ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥៦លានដូស ក្នុងនោះប្រជាជន ១៩៧.៧លាននាក់ (៦០.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៦៨.១លាននាក់ទៀត (៥១.២%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕