(ញូដេលី)៖ ក្រុមតាលីបង់បានប្ដូរចិត្តដោយចេញបញ្ជាឱ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួនចូលទៅក្នុងរដ្ឋធានីកាប៊ុល ដើម្បីបង្ការកុំឱ្យមានសកម្មភាពលួច ឬប្លន់ហាងទំនិញ បន្ទាប់ពីប៉ូលិសនៅក្នុងតំបន់បានរត់ចោលតួនាទីរបស់ពួកគេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។
បទបញ្ជាខាងលើត្រូវបានប្រកាសដោយអ្នកនាំពាក្យក្រុមតាលីបង់ម្នាក់ឈ្មោះ Zabihullah Mujahid តែប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ភៀសខ្លួនចេញពីប្រទេស។ បើតាមប្រភពពីក្រសួងមហាផ្ទៃអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានភៀសខ្លួនទៅកាន់ប្រទេស តាហ្ស៊ីគីស្ថាន ហើយបើតាមក្រសួងការបរទេសរុស្ស៊ី លោក Ghani ប្រហែលជាអាចភៀសខ្លួនតាមយន្ដហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិក។
គួរបញ្ជាក់ថា កាលពីដំបូងឡើយ ក្រុមតាលីបង់បានចេញបញ្ជាឱ្យក្រុមអ្នកប្រយុទ្ធរបស់ខ្លួន កុំទាន់ចូលក្នុងរដ្ឋធានីកាប៊ុល ខណៈកំពុងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល អាហ្វហ្កានីស្ថានពីការផ្ទេរអំណាចដោយសន្តិវិធី ដែលអាចនឹងកើតឡើងនៅប៉ុន្មានម៉ោង ឬប៉ុន្មានថ្ងៃខាងមុខនេះ៕