(កាប៊ុល)៖ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani ត្រូវបានគេរាយការណ៍ថាបានចាកចេញពីប្រទេសហើយ ឆ្ពោះទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន ខណៈរដ្ឋាភិបាលរបស់លោកកំពុងចរចាផ្ទេរអំណាចឱ្យក្រុមតាលីបង់។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។
សារព័ត៌មាន Sputnik បានឱ្យដឹងទៀតថាព័ត៌មានការចេញពីប្រទេសអាហ្វហ្កានីស្ថានរបស់លោក Ashraf Ghani កើតមានឡើងបន្ទាប់ពីមានសេចក្ដីរាយការណ៍ ជាច្រើនថាលោកនឹងលាលែងចេញពីតំណែងនៅក្នុងពេលប៉ុន្មានម៉ោងខាងមុខទៀតនេះ ហើយអតីតរដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន លោក Ali Ahmad Jalali ទំនងជាអាចនឹងត្រូវបានតែងតាំងជាមេដឹកនាំរដ្ឋាភិបាលបណ្ដោះអាសន្នថ្មីមួយក្នុងទីក្រុងកាប៊ុល ជំនួសរូបលោក។
គួរបញ្ជាក់ថា ភ្លាមៗ មិនទាន់មានការទទួលស្គាល់ថាតើក្រុមតាលីបង់យលព្រមលើការតែងតាំងលោក Ahmad Jalali នោះទេ ប៉ុន្តែលោកត្រូវបានគេមើលឃើញ ជាបេក្ខជនមានសក្ដានុពលជាងគេ។ មួយវិញទៀត រដ្ឋមន្ត្រីមហាផ្ទៃអាហ្វហ្កានីស្ថាន លោក Abdul Sattar Mirzakwal បានថ្លែងសារមួយតាមកញ្ចក់ទូរទស្សន៍ ដោយជំរុញឱ្យប្រជាជនក្នុងរដ្ឋធានីកាប៊ុលកុំមានការភិតភ័យ ដោយលោកអះអាងថានឹងមានការផ្ទេរអំណាចដោយសន្តិវិធីក្នុងប្រទេសអាហ្វហ្កានីស្ថាន៕