(កាប៊ុល)៖ អ្នកនាំពាក្យម្នាក់របស់ក្រុមតាលីបង់ នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១ បាននិយាយថាក្រុមសកម្មប្រយុទ្ធមួយនេះកំពុងចរចាជាមួយ រដ្ឋាភិបាលអាហ្វហា្កនីស្ថាន ឱ្យទម្លាក់អាវុធចុះចាញ់ដោយសន្តិវិធី ហើយថាពួកគេគ្មានបំណងវាយយករដ្ឋធានីកាប៊ុលដោយកម្លាំងបាយនោះទេ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera។

មកទល់ថ្ងៃអាទិត្យនេះ រដ្ឋាភិបាលអាហ្វហ្កានីស្ថាននៅសល់តែរដ្ឋធានីកាប៊ុលតែមួយប៉ុណ្ណោះដែលជាមូលដ្ឋានរឹងមាំចុងក្រោយរបស់ខ្លួន បន្ទាប់ពីទីក្រុង Jalalabad ជាទីក្រុងធំចុងក្រោយគេបង្អស់ធ្លាក់ចូលក្នុងដៃក្រុមតាលីបង់យ៉ាងងាយស្រួលដោយគ្មានការវាយប្រយុទ្ធគ្នា។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន Al Jazeera អ្នកនាំពាក្យក្រុមតាលីបង់បានបញ្ជាក់ថាយោធា មន្ត្រី និងកងកម្លាំងប្រដាប់អាវុធនៃរដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងទទួល បានការលើកលែងទោស។

មិនតែប៉ុណ្ណោះអ្នកនាំពាក្យរូបនេះថែមទាំងបានអះអាងទៀតថាថ្នាក់ដឹកនាំតាលីបង់បានបញ្ជាឱ្យកងកម្លាំងរបស់ខ្លួនបញ្ចៀស អំពើហិង្សាដោយនឹងមិនដណ្ដើមយកទីក្រុងកាប៊ុលដោយកម្លាំងបាយឡើយ រីឯប្រជាជនស៊ីវិល, អ្នកជំនួញ, ធនាគារទាំងអស់ដែលកំពុងស្ថិតនៅក្នុងទីក្រុងកាប៊ុល មិនចាប់បាច់ភិតភ័យទេ។

ប៉ុន្តែគេមិនទាន់ដឹងថារដ្ឋាភិបាលអាហ្វហ្កានីស្ថាននឹងយល់ព្រមចុះចាញ់ ឬក៏មិនបើកការវាយប្រហារទប់ទល់ជាមួយក្រុមតាលីបង់វិញ ដែរឬក៏យ៉ាងណា នោះទេ ហើយក៏គ្មាននរណាម្នាក់អាចធានាបាននោះដែរថាអំពើហិង្សានឹងមិនផ្ទុះឡើង។

គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យនេះដែរឧទ្ធម្ភាគចក្រជាច្រើនគ្រឿងបានចុះចតនៅឯស្ថានទូតអាមេរិកប្រចាំរដ្ឋធានីកាប៊ុល ដើម្បីចាប់ផ្ដើមជម្លៀសបុគ្គលិក ទូតចេញពីអាហ្វហ្កានីស្ថាន ស្របពេលក្រុមតាលីបង់ចាប់ផ្ដើមសម្រុកចូលរដ្ឋធានីកាប៊ុល៕