(លីបង់)៖ មនុស្សយ៉ាងហោច ២០នាក់បានស្លាប់ និង៧៩នាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍ផ្ទុះទូរកុងតឺន័រស្ដុងប្រេងឥន្ធនៈ នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១នេះ នៅឯតំបន់ Akkar ស្ថិតនៅភាគខាងជើងប្រទេសលីបង់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ហេតុការណ៍ផ្ទុះទូរកុងតឺន័រស្ដុងប្រេងឥន្ធនៈកើតមានឡើងនៅចំពេលប្រទេសលីបង់ កំពុងប្រឈមមុខនឹងការខ្វះខាតប្រេងឥន្ធនៈ ដែលកំពុង បង្កឱ្យមានការដាច់ចរន្តអគ្គិសនីនៅតាមតំបន់ជាច្រើននៅទូទាំងប្រទេស។ ដោយឡែក បើតាមប្រព័ន្ធផ្សព្វផ្សាយលីបង់ យោធាលីបង់បាន រឹបអូសទូរកុងតឺន័រស្ដុងប្រេងឥន្ធនៈមួយដែលត្រូវបានគេលាក់ទុកនៅក្នុងទីក្រុង Altalil ហើយបានចែកចាយឥន្ធនៈទាំងនេះទៅឱ្យប្រជាជន ក្នុងតំបន់ នៅពេលមានហេតុការណ៍ផ្ទុះឡើង។

អាជ្ញាធរលីបង់មិនទាន់អាចកំណត់មូលហេតុនៃហេតុការណ៍ផ្ទុះខាងលើបាននៅឡើយទេ ខណៈស៊ើបអង្កេតមួយកំពុងធ្វើឡើង។ មនុស្ស ប្រហែលជា ២០០នាក់ បានស្ថិតនៅក្បែរកន្លែងផ្ទះទូរកុងតឺន័រស្ដុងប្រេងឥន្ធនៈនេះ៕