(កាប៊ុល)៖ ក្រុមមន្ត្រីអាហ្វហ្កានីស្ថាន បាននិយាយថាក្រុមតាលីបង់នៅព្រឹកថ្ងៃអាទិត្យនេះបានដណ្ដើមកាន់កាប់ទីក្រុង Jalalabad យ៉ាងងាយស្រួលដោយមិនបាច់ វាយប្រយុទ្ធគ្នា ហើយនេះមានន័យថាទីក្រុងសំខាន់ៗទាំងអស់របស់អាហ្វហ្កានីស្ថានបានធ្លាក់ចូលក្នុងកណ្ដាប់ដៃក្រុមតាលីបង់ លើកលែងតែរដ្ឋធានីកាប៊ុលមួយចេញ តែប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៥ ខែសីហា ឆ្នាំ២០២១។
ទីក្រុង Jalalabad គឺជាផ្លូវតភ្ជាប់មួយទៅកាន់ប្រទេសប៉ាគីស្ថាន។ ក្រុមមន្ត្រីអាហ្វហ្កានីស្ថានបានបញ្ជាប់ប្រាប់ Reuters ដូច្នេះថា៖ «មិនមានការវាយប្រយុទ្ធគ្នា កើតឡើងនោះទេក្នុងទីក្រុង Jalalabad ពីព្រោះលោកអភិបាលក្រុងសុខចិត្តចុះចាញ់ក្រុមតាលីបង់ ហើយការធ្វើបែបនេះជាផ្លូវតែមួយគត់ដើម្បីសង្រ្គោះអាយុជីវិត ជនស៊ីវិល»។
គួរបញ្ជាក់ថា ក្រុមតាលីបង់វាយដណ្ដើមកាន់កាប់បានខេត្តចំនួន២២ហើយ ក្នុងចំណោមខេត្តទាំង៣៤ របស់អាហ្វហ្កានីស្ថានចាប់តាំងពីថ្ងៃទី០៦ ខែសីហាមក ហើយកំពុងស្ថិតនៅចម្ងាយប្រហែលជា៥០គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីកាប៊ុល៕