(ហៃទី)៖ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនាយប់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២១នេះ បានអោយដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៩នាក់។ ដោយឡែកពាក់ព័ន្ធទៅនឹងទំហំនៃការខូចខាតដោយសារគ្រោះរញ្ជួយដីមួយនេះ មិនទាន់បានដឹងច្បាស់នៅឡើយ។
សូមជំរាបថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ បានវាយប្រហារចំប្រទេសហៃទី ដែលស្ថិតនៅតំបន់សមុទ្រការីបៀន។ ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា បាតុភូតរញ្ជួយផែនដីខាងលើ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទី ដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រ ពីក្រុងប៉េទីតត្រូដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដី ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់៕