(កាប៊ុល)៖ មន្រ្តីអាហ្វហ្គានីស្ថានបានឲ្យដឹងថា ក្រុមតាលីបង់បានកាប់កាប់ខេត្តចំនួន២ទៀតនៅថ្ងៃសៅរ៍នេះ និងកំពុងតែឆ្ពោះទៅជិតដល់ជាយទីក្រុងកាប៊ុល ដែលជារដ្ឋធានីរបស់អាហ្វហ្គានីស្ថានហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។
ក្រុមតាលីបង់ទើបតែក្តោបក្តាប់បានខេត្តឡូហ្គារ (Logar) ទាំងស្រុង នៅភាគខាងត្បូងនៃទីក្រុងកាប៊ុល ហើយពួកគេបានទៅដល់ស្រុក ឆា អាសយ៉ាប (Char Asyab) ដែលស្ថិតនៅចម្ងាយត្រឹម១១គីឡូម៉ែត្រប៉ុណ្ណោះ ពីភាគខាងត្បូងរដ្ឋធានីរបស់អាហ្វហ្គានីស្ថាន។ ក្នុងដដែលនេះ ក្រុមតាលីបង់ក៏វាយដណ្តើមបានទីក្រុងធំប្រចាំខេត្តប៉ាកទីកា (Paktika) ដែលនៅជាប់ព្រំប្រទល់ជាមួយប៉ាគីស្ថានផងដែរ។
បច្ចុប្បន្ន តំបន់ភាគខាងជើង ភាគខាងលិច និងភាគខាងត្បូង នៃប្រទេសអាហ្វាហ្គានីស្ថាន ស្ទើរតែទាំងស្រុង កំពុងស្ថិតក្រោមការកាន់កាប់ របស់ក្រុមតាលីបង់ ពោលគឺ១៩ខេត្ត ក្នុងចំណោមខេត្តសរុបចំនួន៣៤ ខណៈរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ឥឡូវមានការគ្រប់គ្រងតែនៅតាមខេត្តមួយចំនួនតូច ក្នុងភាគកណ្តាល និងភាគខាងកើត រួមជាមួយរដ្ឋធានីកាប៊ុល និងទីក្រុងម៉ាហ្សារ អ៉ី ស្សារីហ្វ (Mazar-e-Shariff) ដែលជាទីក្រុងសំខាន់មួយនៅភាគខាងជើង និងកំពុងតែស្ថិតក្រោមការវាយលុករបស់តាលីបង់ផងដែរ។
គួរបញ្ជាក់ថា នៅថ្ងៃសៅរ៍នេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក មហាំម៉ាត់ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) បានចេញមុខថ្លែងសារជាលើកដំបូង ដោយប្តេជ្ញាការពារប្រទេសរបស់លោក មិនឲ្យកើតមានអស្ថិរភាពជាដាច់ខាត នៅចំពោះមុខការគំរាមកំហែងពីសំណាក់ក្រុមតាលីបង់។ ដោយឡែក កងទ័ពអាមេរិក បានទៅដល់ទីក្រុងកាប៊ុលជាបណ្តើរៗ ដើម្បីជម្លៀសមន្រ្តីទូតនិងជនស៉ីវិល ក្រោមការភ័យខ្លាចថា រដ្ឋធានីអាហ្វហ្គានីស្ថាន នឹងស្ថិតក្រោមការលុកលុយរបស់ក្រុមតាលីបង់ ក្នុងពេលឆាប់ៗនេះ៕