Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING: គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.២រ៉ិចទ័រ វាយប្រហារចំប្រទេសហៃទី

14-08-2021 20:23

(ព័រអូប្រ៉ាំង)៖ នៅមុននេះបន្តិចមានសេចក្តីរាយការណ៍ថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ ៧.២រ៉ិចទ័រ បានប្រហារចំប្រទេសហៃទី ដែលស្ថិតនៅតំបន់សមុទ្រការីបៀន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅយប់ថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។

ទីភ្នាក់ងារតាមដានគ្រោះរញ្ជួយដី USGS របស់សហរដ្ឋអាមេរិក បានឲ្យដឹងថា បាតុភូតរញ្ជួយផែនដីខាងលើ បានកើតឡើងនៅតំបន់ភាគនិរតីប្រទេសហៃទី ដោយចំណុចរំញ័ររបស់វា ស្ថិតនៅចម្ងាយ៨គីឡូម៉ែត្រ ពីក្រុងឈ្មោះថា ប៉េទីតត្រូ ដឺនីពប៉េស (Petit Trou de Nippes) នៅជម្រៅ១០គីឡូម៉ែត្រក្រោមផ្ទៃដីផ្ទាល់តែម្តង ដែលអាចបង្កឲ្យមានការបំផ្លិចបំផ្លាញធ្ងន់។

គួរបញ្ជាក់ថា ជាបឋម មានការបង្ហោះរូបភាពមួយចំនួន លើបណ្តាញទំនាក់ទំនង ដែលបង្ហាញពីការខូចខាតចំពោះសំណង់អគារ នៅក្នុងប្រទេសហៃទី ដោយសារឥទ្ធិពលនៃកម្លាំងញ័ររញ្ជួយ។ យ៉ាងណាមិញ នៅមិនទាន់ឃើញមានសេចក្តីរាយការណ៍ថា មានមនុស្សរងគ្រោះថ្នាក់ដែរឬអត់ទេ។ ទន្ទឹមគ្នានេះ ទីភ្នាក់ងារប្រកាសអាសន្នពីរលកយក្សរបស់អាមេរិក បានអះអាងថា ពុំមានការប្រកាសអាសន្នពីរលកស៊ូណាមិឡើយ ក្រោយគ្រោះរញ្ជួយដីនៅហៃទី៕