(កាប៊ុល)៖ ខណៈដែលក្រុមតាលីបង់ត្រូវបានគេមើលឃើញយ៉ាងច្បាស់ថា បាននិងកំពុងដណ្តើមកាន់កាប់ទីក្រុងធំៗ នៅតាមបណ្តាខេត្តកាន់តែច្រើន ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក មហាំម៉ាត់ អាស្រាហ្វ ហ្គានី (Mohammad Ashraf Ghani) បានចេញមុខប្តេជ្ញាការពារប្រទេសនេះ មិនឲ្យកើតមានអស្ថិរភាពនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន aljazeera នាល្ងាចថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។
ការថ្លែងរបស់លោកប្រធានាធិបតីអាហ្វហ្គានីស្ថានខាងលើនេះ ត្រូវបានធ្វើឡើងនៅតាមកញ្ចក់ទូរទស្សន៍រដ្ឋ ក្នុងថ្ងៃសៅរ៍នេះតែម្តង ខណៈក្រុមតាលីបង់ត្រូវបានគេរាយការណ៍ថា បានដណ្តើមកាន់កាប់ខេត្តចំនួន ១៨ រួចទៅហើយក្នុងចំណោមខេត្តទាំង ៣៤ របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយប្រើប្រាស់រយៈពេលតែ ០៨ថ្ងៃប៉ុណ្ណោះ។
ការថ្លែងរបស់លោក មហាំម៉ាត់ អាស្រាហ្វ ហ្គានី ត្រូវបានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្រុមតាលីបង់បានដណ្តើមកាន់កាប់តំបន់មួយ ដែលស្ថិតនៅចម្ងាយតែ ៥០គីឡូម៉ែត្រប៉ុណ្ណោះពីរដ្ឋធានីកាប៊ុល។ លោកប្រធានាធិបតីអាហ្វហ្គានីស្ថានរូបនេះ ត្រូវបានគេមើលឃើញថា បានរក្សាភាពស្ងៀមស្ងាត់អស់មួយរយៈមកហើយ បើទោះបីជាពិភពលោកទាំងមូល កំពុងចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានការណ៍វិវឌ្ឍ នៅក្នុងប្រទេសរបស់លោកក្តី។
បន្ថែមក្នុងការថ្លែងសុន្ទរកថានៅថ្ងៃសៅរ៍នេះ លោក មហាំម៉ាត់ អាស្រាហ្វ ហ្គានី បានបញ្ជាឲ្យកងកម្លាំងរក្សាសន្តិសុខរបស់ប្រទេសលោក រកវិធីជួយដល់ជនភៀសខ្លួនទាំងអស់ ដែលកំពុងរត់ភៀសខ្លួន ចេញពីតំបន់រងការវាយប្រហារ។ លោកប្រធានាធិបតីបានគូសបញ្ជាក់ទៀតថា រដ្ឋាភិបាលកំពុងប្រឹក្សាជាមួយមន្ត្រីពាក់ព័ន្ធ និងដៃគូបរទេសនានា ដើម្បីដោះស្រាយបញ្ហាជារួម ហើយលទ្ធផលនឹងចេញក្នុងពេលខាងមុខ៕