(ប៉េកាំង)៖ នៅថ្ងៃសៅរ៍នេះ អាជ្ញាធរសុខាភិបាលចិន បានប្រកាសពីការរកឃើញករណីឆ្លង COVID-19 ត្រឹម៦៦នាក់ ថយចុះពីថ្ងៃម្សិលមិញ ដែលមាន៩៩នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៤ ខែសីហា ឆ្នាំ២០២១។
ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន៣៦ករណី ជាករណីនាំចូល និង៣០ករណី ជាករណីឆ្លងក្នុងស្រុកផ្ទាល់។ សម្រាប់ករណីឆ្លងក្នុងស្រុក នៅប្រទេសចិន គឺបានបន្តថយចុះ៤ថ្ងៃជាប់ៗគ្នាហើយ ដែលជាសញ្ញាបង្ហាញថា ការឆ្លងរាតត្បាត COVID-19 នៅចិនរយៈពេល១ខែ មកនេះ ប្រហែលជាកំពុងថមថយទៅវិញហើយ។
កាលពីថ្ងៃសុក្រម្សិលមិញ ចិនបានរាយការណ៍ពីករណីឆ្លងក្នុងស្រុកចំនួន៤៧នាក់ ដែលជាតួលេខទាបបំផុត គិតចាប់តាំងពីថ្ងៃទី៣០ ខែកក្កដា កន្លងទៅ ហើយសម្រាប់តួលេខ ដែលរាយការណ៍នៅថ្ងៃសៅរ៍នេះ គឺកាន់តែចុះទាបមួយកម្រិតទៀត។ ក្នុងថ្ងៃដដែលនេះ មិនមានករណីស្លាប់ ត្រូវបានរាយការណ៍នោះឡើយ។ គិតត្រឹមពេលនេះ ករណីឆ្លងសរុបនៃ COVID-19 នៅក្នុងប្រទេសចិន បានកើនដល់ ៩៤,៣២៦នាក់ ដោយតួលេខអ្នកស្លាប់ស្ថិតនៅ ៤,៥៣៦នាក់ដដែល។
គួរបញ្ជាក់ថា រលករាតត្បាតថ្មីចុងក្រោយនេះនៅចិន បានចាប់ផ្តើមដំបូង នៅទីក្រុងណានជីង (Nanjing) នៃខេត្តជាំងស៊ូ ភាគខាងកើតប្រទេស កាលពីខែកក្កដា កន្លងទៅ។ ការរាលដាលនៃវីរុសបំប្លែងថ្មី Delta របស់ COVID-19 នៅក្នុងប្រទេសចិន បានជំរុញឲ្យអាជ្ញាធរចាត់វិធានការបន្ទាន់ រួមមានដូចជាការធ្វើតេស្តទ្រង់ទ្រាយធំ, ការបិទតំបន់មានហានិភ័យ និងការរឹតត្បិតការធ្វើដំណើរ នៅតាមទីក្រុងដែលរងការប៉ះពាល់៕