(ហាណូយ)៖ ទីក្រុងហូជីមិញនៃប្រទេសវៀតណាម នឹងត្រូវបន្តស្ថិតក្នុងការបិទខ្ទប់ រហូតដល់ដំណាច់ខែសីហា ឆ្នាំ២០២១ ចំពោះមុខករណីឆ្លង និងស្លាប់ដោយសារតែជំងឺ COVID-19 នៅតែកើនឡើងខ្ពស់ជាលំដាប់។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរដ្ឋវៀតណាម VNA នាល្ងាចថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។
លោក ផាន វ៉ាន់ ម៉ៃ (Phan Van Mai) អគ្គលេខាធិការរង នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ត្រូវបានដកស្រង់សម្តីយ៉ាងដូច្នេះថា «យើងត្រូវតែត្រៀមរៀបចំ ដើម្បីការប្រយុទ្ធយូរទៅមុខទៀត...»។ ការលើកឡើងបែបនេះបានកើតមានឡើង ខណៈដែលទីក្រុងហូជីមិញ ត្រូវបានគេមើលឃើញថា នៅតែជាចំណុចឆ្លងរាតត្បាត COVID-19 ខ្លាំងជាងគេនៅក្នុងប្រទេសវៀតណាម។
គួរបញ្ជាក់ថា វៀតណាមត្រូវបានចាត់់ទុក ជាប្រទេសទទួលបានជោគជ័យខ្លាំងបំផុតមួយ ក្នុងការគ្រប់គ្រងការរាត្បាតជំងឺ COVID-19 ចាប់តាំងពីការផ្ទុះករណីឆ្លងដំបូងៗ នៅអំលុងដើមឆ្នាំ២០២០។ ប៉ុន្តែរហូតដល់ចុងខែមេសា ឆ្នាំ២០២១ វៀតណាមបានមើលឃើញ ការផ្ទុះឡើងជាបន្តបន្ទាប់នៃករណីឆ្លង ជាពិសេសនៅពេលមានវត្តមានវីរុសបំប្លែងថ្មី Delta។
គិតត្រឹមយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ២៤៦,៥៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ៨៩,១៤៥នាក់ ខណៈចំនួនអ្នកស្លាប់កើនដល់ ៤,៨១៣នាក់៕