(ប៉េកាំង)៖ អាជ្ញាធរចិននៅថ្ងៃសុក្រនេះបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់ ២១នាក់បានស្លាប់ ដោយសារភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារខេត្តហ៊ូប៉ី (Hubei) ភាគកណ្តាលប្រទេសចិន ប៉ុន្មានសប្តាហ៍បន្ទាប់ពីគ្រោះទឹកជំនន់ បានវាយប្រហារខេត្តជិតខាងមួយទៀត ដែលបណ្ដាលឱ្យមនុស្សរាប់រយនាក់បានស្លាប់ និងទ្រព្យសម្បត្តិជាច្រើនត្រូវបានបំផ្លិចបំផ្លាញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន AFP នៅរសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។
ការិយាល័យគ្រប់គ្រងគ្រាអាសន្នរបស់ខេត្តបានប្រកាសថា ភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្ត Hubei បានបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងការបាក់ដី ដែលបានបំផ្លាញផ្ទះសម្បែងរាប់រយខ្នង និងបានបង្ខំឱ្យប្រជាជនជិត ៦,០០០នាក់ ជម្លៀសចេញពីផ្ទះសម្បែង។ បើតាមទូរទស្សន៍រដ្ឋចិន បានរាយការណ៍នៅថ្ងៃសុក្រនេះថា មនុស្ស ២១នាក់បានស្លាប់ និង ០៤នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ ខណៈភ្លៀងធ្លាក់ខ្លាំងបានកើតមាន នៅតាមទីក្រុងនានាក្នុងខេត្តនេះ កាលពីថ្ងៃពុធកន្លងទៅ។
អ្នកស្រុកម្នាក់មកពីតំបន់ដែលរងផលប៉ះពាល់ ធ្ងន់ធ្ងរបំផុតនៅក្នុងទីក្រុង សួយចូវ (Suizhou) នៃខេត្ត Hubei បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា «កាលពីម្សិលមិញ កម្រិតទឹកបានកើនឡើងប្រហែល ២ ទៅ ៣ ម៉ែត្រ។ ផ្ទះអ្នកជិតខាងរបស់ខ្ញុំ ត្រូវបានជន់លិចទាំងស្រុង ហើយយើងពិតជាមិនដែលបានឃើញ ភ្លៀងធ្លាក់ច្រើនបែបនេះទេក្នុងរយៈពេល ២០-៣០ឆ្នាំកន្លងមកនេះ»។
គួរបញ្ជាក់តាមរដ្ឋបាលឧតុនិយមចិនបានព្រមានថា ភ្លៀងធ្លាក់ខ្លាំងទំនងជាបន្តអូសបន្លាយ រហូតដល់សប្តាហ៍ក្រោយ ដោយតំបន់ដែលស្ថិតនៅតាមបណ្ដោយដងទន្លេ យ៉ាងសេ (Yangtze) រួមទាំងទីក្រុងសៀងហៃ គឺងាយនឹងរងគ្រោះខ្លាំងបំផុត ដោយសារគ្រោះទឹកជំនន់ ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងនេះ៕