(គូឡាឡាំពួ)៖ យោធាម៉ាឡេស៉ីម្នាក់ បានបាញ់យោធា៣នាក់ទៀតស្លាប់ នៅឯមូលដ្ឋានទ័ពមួយកន្លែង នាថ្ងៃសុក្រនេះ មុនពេលធ្វើអត្តឃាតតាមក្រោយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។
ប៉ូលិសម៉ាឡេស៉ីបានឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធនោះ បានកើតឡើងកាលពីព្រឹកថ្ងៃសុក្រនេះ នៅប៉ុស្តិ៍យាមកាមមួយកន្លែង នៃមូលដ្ឋានទ័ពអាកាស ក្នុងរដ្ឋសារ៉ាវ៉ាក (Sarawak) លើកោះប័រណេអូ (Borneo)។ ពេលខ្មាន់កាំភ្លើងបើកការបាញ់ប្រហារ មនុស្ស២នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ខណៈជនទី៣ បានទៅដល់គ្លីនិកមួយកន្លែង ប៉ុន្តែដោយសាររបួសធ្ងន់ពេក ក៏ត្រូវបាត់បង់ជីវិតដូចគ្នា។ក្រោយធ្វើសកម្មភាពរួចហើយ ខ្មាន់កាំភ្លើង ក៏បានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។ យោធាទាំង៤នាក់ សុទ្ធតែស្ថិតក្នុងពេលបំពេញតួនាទី ពេលឧប្បត្តិហេតុហេតុនោះកើតឡើង។
គួរបញ្ជាក់ថា ខាងប៉ូលិសនិងកងទ័ពអាកាសម៉ាឡេស៉ី កំពុងស៉ើបអង្កេតលើករណីនេះ ដើម្បីកំណត់មូលហេតុនៅពីក្រោយការបាញ់ប្រហារ។ វាជាករណីកម្រមួយក្នុងប្រទេសអាស៊ាន ដែលមានប្រជាជន៣២លាននាក់នេះ ដោយសារច្បាប់តឹងរ៉ឹងសម្រាប់សិទ្ធិកាន់កាប់កាំភ្លើង៕