(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាស (Heiko Maas) បានប្រកាសថា ប្រទេសធំបំផុតនៅអឺរ៉ុបមួយនេះ នឹងកាត់ផ្តាច់ជំនួយពីប្រទេសអាហ្វហ្គានីស្ថានទាំងស្រុង ប្រសិនបើក្រុមតាលីបង់ឡើងគ្រប់គ្រងអំណាច ហើយដាក់ឲ្យប្រើប្រាស់ច្បាប់អ៊ីស្លាម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។
លោក Heiko Maas ត្រូវបានសារព័ត៌មានអាល្លឺម៉ង់ ដកស្រង់សម្តីយ៉ាងដូច្នេះថា «យើងនឹងមិនផ្តល់ឲ្យអាហ្វហ្គានីស្ថាន សូម្បីតែមួយកាក់ នៅពេលដែលក្រុមតាលីបង់ឡើងកាន់អំណាចទាំងស្រុង ហើយដាក់ឲ្យប្រើប្រាស់ច្បាប់អ៊ីស្លាម-សារីអះ (Sharia law) និងប្តូរប្រទេសអាស៊ីខាងត្បូងមួយនេះ ទៅជាប្រទេសអ៊ីស្លាមឡើងវិញនោះ»។ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់រូបនេះ ក៏បានព្រមានទុកជាមុនផងដែរថា «គ្មានជំនួយពីអន្តរជាតិ អាហ្វហ្គានីស្ថាននឹងត្រូវដួលរលំ»។
គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់ក៏ជាម្ចាស់ជំនួយធំមួយផងដែរ ទៅកាន់រដ្ឋាភិបាលអាហ្វហ្គានីស្ថានបច្ចុប្បន្ន ដែលកំពុងគាំទ្រដោយលោកខាងលិច និងអង្គការសហប្រជាជាតិ។ ជំនួយរបស់អាល្លឺម៉ង់ដល់អាហ្វហ្គានីស្ថាន គឺសរុបជាទឹកប្រាក់ ៥០៥លានដុល្លារអាមេរិកនៅក្នុងមួយឆ្នាំ ហើយអាល្លឺម៉ង់ធ្លាប់បានសន្យាថា នឹងផ្តល់ជំនួយក្នុងចំនួននេះ រហូតដល់ឆ្នាំ២០២៤។
យ៉ាងណាក៏ដោយ ស្ថានការណ៍ពេលនេះកំពុងមានការប្រែប្រួលយ៉ាងខ្លាំង ព្រោះក្រោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តបានប្រកាសដកទ័ពចេញទាំងស្រុង ដែលនឹងត្រូវសម្រេចឲ្យបាននៅចុងខែសីហានេះ ក្រុមឧទ្ទាមតាលីបង់ក៏កំពុងប្រឹងប្រែង លេបត្របាក់ទឹកដីកាន់តែច្រើនផងដែរ និងកំពុងឈានទៅផ្តួលរំលំ រដ្ឋាភិបាលទីក្រុងកាប៊ុល៕