(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារចំណីអាហារ និងឱសថអាមេរិក (FDA) នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានសម្រេចអនុញ្ញាតហើយ សម្រាប់ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី៣ ជូនប្រជាជនអាមេរិក ប៉ុន្តែសម្រាប់ដំណាក់កាលដំបូង នឹងត្រូវផ្តល់ជូនអ្នកដែលមានប្រព័ន្ធភាពសុំាខ្សោយសិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។
បើតាម FDA ការអនុញ្ញាតខាងលើធ្វើឡើងនៅក្រោមលក្ខខណ្ឌ នៃការប្រើប្រាស់បន្ទាន់ ដោយប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Pfizer និងក្រុមហ៊ុន Moderna ចាប់ពីចុងសប្ដាហ៍នេះតទៅ។ ប្រជាជនអាមេរិកមួយចំនួន ដែលមានជំងឺប្រចាំកាយ, ក្រោយទទួលការវះកាត់ប្ដូរអវៈយវៈ ឬអ្នកទាំងឡាយណា ដែលត្រូវបានធ្វើរោគវិនិច្ឆ័យថា មានប្រព័ន្ធភាពសុំាទន់ខ្សោយ នោះនឹងទទួលបានការចាក់វ៉ាក់សាំងដូសទី ៣។
គួរបញ្ជាក់ថា អង្គការសុខភាពពិភពលោក WHO ធ្លាប់បានអំពាវនាវឱ្យបណ្ដាប្រទេសទាំងឡាយ ពន្យារពេលការចាក់វ៉ាក់សាំងដូសទី ៣ រហូតដល់ចុងខែកញ្ញា។ ប៉ុន្តែប្រឈមមុខនឹងការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Delta បណ្ដាប្រទេសជាច្រើនក្រៅពីសហរដ្ឋអាមេរិក ដូចជាអ៉ីស្រាអែល អាល្លឺម៉ង់ ថៃ និងកម្ពុជាដើម បានអនុញាតឱ្យចាក់ដូសទី ៣ រួចទៅហើយក្រោមលក្ខខណ្ឌបន្ទាន់។
គិតត្រឹមថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥៣លានដូស ក្នុងនោះប្រជាជន ១៩៦.០៧លាននាក់ (៥៩.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស និង ១៦៧.១លាននាក់ទៀត (៥០.៩%) បានទទួលការចាក់គ្រប់ដូស ឬ ២ ដូស៕