(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក CDC បានឱ្យដឹងថា កុមារកាន់តែច្រើនឡើងបានឆ្លង COVID-19 ខណៈអាជ្ញាធរសុខាភិបាល កំពុងព្យាយាមដោះស្រាយការកើនឡើងករណីឆ្លងថ្មី ដែលបង្កឡើងវីរុសបំប្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN នៅព្រឹកថ្ងៃសុក្រ ទី១៣ ខែសីហា ឆ្នាំ២០២១។
បើតាមទិន្ន័យផ្ដល់ដោយ CDC ចំនួនកុមារដែលចូលសម្រាកព្យាបាលជំងឺ COVID-19 នៅក្នុងមន្ទីរពេទ្យគិតត្រឹមថ្ងៃទី០៩ ខែសីហាកន្លងទៅនេះបានកើនឡើង
ដល់ជិត ៣០ភាគរយ ឬស្មើនឹង ២៣៩នាក់ ធៀបទៅនឹង ១៨៤នាក់ កាលពីសប្ដាហ៍មុនទៀត។ ឆ្លើយតបទៅនឹងការកើនឡើងករណីឆ្លងលើកុមារនេះដែរ អាជ្ញាធរក្នុងរដ្ឋមួយចំនួន នៅសហរដ្ឋអាមេរិក បានដាក់ចេញវិធានការរឹតត្បិតឡើងវិញ ក្នុងនោះរួមទាំងការតម្រូវពាក់ម៉ាស និងចាក់វ៉ាក់សាំងនៅតាមសាលរៀននានា ដើម្បីបង្ការករណីឆ្លង COVID-19 លើកុមារ។ ជាក់ស្ដែង កាលីហ្វ័រញ៉ាបានក្លាយជារដ្ឋដំបូងគេ ដែលបានតម្រូវឱ្យគ្រូបង្រៀន និងបុគ្គលិកនៅតាមសាលារៀន ចាក់វ៉ាក់សាំងជាចំាបាច់ ឬក៏ត្រូវឆ្លងកាត់ការធ្វើតេស្ដជាប្រចាំ។
គួរបញ្ជាក់ថា ការវាយតម្លៃលើការវ៉ាក់សាំងបង្ការ COVID-19 សម្រាប់កុមារមានអាយុក្រោម ១២ឆ្នាំ នៅសហរដ្ឋអាមេរិក កំពុងក្លាយជាជម្រើសអាទិភាពមួយ សម្រាប់រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ដែលត្រូវបានគេរំពឹងថា នឹងត្រូវអនុញាតឆាប់ៗ ក៏ដូចជាមានវ៉ាក់សាំងចាក់ជូនកុមារទាំងនេះ នៅមុនដំណាច់ឆ្នាំ២០២១នេះ៕