(តូក្យូ)៖ អាជ្ញាធរជប៉ុនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ទី ១២ ខែសីហានេះថា ប្រជាជនរាប់សែននាក់នៅខេត្តណាហ្គាសាគី (Nagasaki) និងផ្នែកផ្សេងទៀតនៃកោះគីស៊ូ (Kyushu) ភាគនិរតីប្រទេសជប៉ុន ត្រូវបានស្នើឱ្យជម្លៀសខ្លួន ដើម្បីគេចចេញពីទឹកជំនន់ និងហានិភ័យនៃការបាក់ដីដែលបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។
ការព្រមានដែលចេញដោយទីភ្នាក់ងារឧតុនិយមជប៉ុននេះ ធ្វើឡើងនៅពេលដែលព្យុះភ្លៀងបាន និងកំពុងបោកបក់ឆ្ពោះទៅកាន់ភាគខាងលិច ។
វីដេអូដែលផ្សាយដោយទូរទស្សន៍រដ្ឋ NHK បានបង្ហាញពីរូបភាព នៃផ្លូវដែលជន់លិចដោយទឹកជំនន់នៅតំបន់ខ្លះ និងទឹកទន្លេហៀរជិតលិចច្រាំង ខណៈភ្លៀងជាមធ្យមបានធ្លាក់នៅខែសីហានេះ ក្នុងរយៈពេល ៤៨ ម៉ោង។
នៅចំពោះមុខបញ្ហានេះ អាជ្ញាធរបានចេញបទបញ្ជាជម្លៀសកម្រិត៥ ដែលធ្ងន់ធ្ងរបំផុត នៅតាមផ្នែកខ្លះនៃភាគកណ្តាលកោះ Kyushu ដោយព្រមានប្រជាជនឱ្យចាត់វិធានការជាបន្ទាន់ដើម្បីការពារខ្លួន៕