(គូឡាឡាំពួរ)៖ ក្រុមហ៊ុនឱសថម៉ាឡេស៊ី Pharmaniaga បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលម៉ាឡេស៊ីបានបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ -១៩ បន្ថែមទៀតពីក្រុមហ៊ុនឱសថចិនស៊ីណូវ៉ាក់ (Sinovac)។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានស៊ីនហួរនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។
ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនបានទទួលលិខិតមួយពីក្រសួងសុខាភិបាលដើម្បីបង្កើនចំនួនការបញ្ជាទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពីក្រុមហ៊ុនចិន Sinovac។
លោក Zulkarnain Md Eusope នាយកគ្រប់គ្រងក្រុមហ៊ុន Pharmaniaga បាននិយាយថា ការបញ្ជាទិញបន្ថែមនេះ គឺដោយសារតែមានការទុកចិត្តកាន់តែខ្លាំងឡើង ពីសំណាក់រដ្ឋាភិបាលម៉ាឡេស៊ីលើប្រសិទ្ធភាព នៃវ៉ាក់សាំងនេះ។
នាយកគ្រប់គ្រងរូបនេះបានមានប្រសាសន៍ថា «យើងមានកិត្តិយសនិងដឹងគុណចំពោះការជឿទុកចិត្តដែលផ្តល់ដោយរដ្ឋាភិបាល ក្នុងការអនុញ្ញាតឲ្យបន្តផ្គត់ផ្គង់ និងចែកចាយវ៉ាក់សាំងស៊ីណូវ៉ាក់ ដើម្បីជួយរក្សាសន្ទុះនៃការចាក់វ៉ាក់សាំងខ្ពស់នាពេលបច្ចុប្បន្ន»។
គួរបញ្ជាក់ថា ស៊ីណូវ៉ាក់ និងក្រុមហ៊ុន Pharmaniaga កាលពីខែមករាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ សម្រាប់កិច្ចសហប្រតិបត្តិការលើដំណើរការបំពេញ និងផលិតវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ឧស្សាហកម្មឱសថរបស់ម៉ាឡេស៊ី។
គិតត្រឹមថ្ងៃពុធសប្តាហ៍នេះមនុស្សជាង ១៦.៣លាននាក់ ឬ ៥០.១ ភាគរយនៃប្រជាជនសរុបបានទទួលវ៉ាក់សាំងកូវីដ១៩ យ៉ាងតិចមួយដូស ហើយប្រមាណ ៩.៥ លានឬ ២៩.១ ភាគរយបានចាក់វ៉ាក់សាំងពេញលេញ៕