(គូឡាឡាំពួរ)៖ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង និងទូរគមនាគមន៍ម៉ាឡេស៉ី លោក សៃហ្វូដឌីន អាប់ឌុលឡោះ (Saifuddin Abdullah) បានប្រកាសថា ការបោះឆ្នោតលើសេចក្ដីទុកចិត្តលើនាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មូហៃយ៉ីដឌីន យ៉ាសស៉ីន (Muhyiddin Yassin) នៅសភាជាន់ទាបគ្រោងនឹងធ្វើឡើង នៅថ្ងៃទី០៧ ខែកញ្ញាខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។
សេចក្ដីប្រកាសនេះបានកើតឡើង ចំពេលដែលរដ្ឋាភិបាលរបស់គណបក្សសម្ពន្ធចម្រុះកាន់អំណាច ពើរីកាតាន ណាសិនណល (Perikatan Nasional ឬ PN) កំពុងរងសម្ពាធពីគណបក្សប្រឆាំងដែលកំពុងទាមទារឱ្យលោក Yassin ចុះចេញពីតំណែង។
លោក Saifuddin Abdullah បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានជាក់ស្តែងនៅថ្ងៃព្រហស្បតិ៍នេះថា «សេចក្តីជូនដំណឹងនៃកិច្ចប្រជុំសភានេះ ត្រូវបានចេញដោយប្រធានសភាជាន់ទាបថាថ្ងៃទី០៧ ខែកញ្ញា គឺជាកាលបរិច្ឆេទកំណត់សម្រាប់ការបោះឆ្នោតលើសេចក្ដីទុកចិត្តលើលោក Muhyiddin Yassin។ សម្រាប់ពេលនេះ វាគឺជាកាលបរិច្ឆេទដែលយើងមានហើយ»។
លោក Muhyiddin Yassin ធ្លាប់បានសន្យាថានឹងបង្ហាញពីភាពស្របច្បាប់របស់លោក តាមរយៈការបោះឆ្នោតលើសេចក្ដីទុកចិត្តនៅក្នុងកិច្ចប្រជុំសភា នៅខែកញ្ញាខាងមុខនេះ ដើម្បីដឹងថាតើលោកទទួលបានការគំាទ្រ ឬមិនគាំទ្រពីសភា បើទោះបីជាលោក អាម៉ាដ ហ្សាហ៉ីដ ហាមីឌី (Ahmad Zahid Hamidi) ប្រធានគណបក្សរួបរួមជាតិម៉ាឡេស៊ី (UMNO) ដែលជាដៃគូរមួយក្នុងគណបក្ស PN បាននិយាយថាសមាជិកសភាមួយចំនួននៃគណបក្ស កំពុងដកការគាំទ្ររបស់ពួកគេចំពោះលោក Muhyiddin Yassin ក៏ដោយ៕