(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២២,៧៨២ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានថៃ Bangkok Post។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២២,៤០៧ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង៣៧៥ករណីទៀតត្រូវបាន រកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២៣,៦៤៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យក្រោយជាសះស្បើយ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨៣៩,៧៧១ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៩៤២នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦២៣,៨០១នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕