(ប៉េកាំង)៖ ព្រោះតែលីទុយអានីបានរំលោភយ៉ាងកម្រោល នូវស្មារតីនៃសេចក្តីប្រកាសស្តីពីការបង្កើត ទំនាក់ទំនងផ្លូវទូត រវាងប្រទេសទាំងពីរ គឺចិននិងលីទុយអានី ដោយបានអនុញ្ញាតឱ្យអាជ្ញាធរតៃវ៉ាន់បង្កើត «ទីស្នាក់ការតំណាង» នៅប្រទេសលីទុយអានី ក្នុងនាមជា «តៃវ៉ាន់» ដូច្នេះ ភាគីចិន បានប្រកាសកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសលីទុយអានី ឱ្យត្រឡប់ទៅវិញនិងតម្រួវឱ្យរដ្ឋាភិបាលលីទុយអានី កោះហៅឯកអគ្គរដ្ឋទូតខ្លួនប្រចាំនៅប្រទេសចិន ឱ្យត្រឡប់ទៅវិញកាលពីថ្ងៃទី១០ ខែសីហា។
សកម្មភាពការទូតដ៏កម្រមាននេះ បានបញ្ចេញសញ្ញាយ៉ាងច្បាស់លាស់មួយថា មិនថាប្រទេសណាបំពានខ្សែបន្ទាត់ក្រហមរបស់ចិន ដែលគាំពារអធិបតេយ្យភាពនិងបូរណភាពដែនដីជាតិ មុខជានឹងរងការប្រឆាំងតបតវិញយ៉ាងដាច់ខាតជាមិនខាន។ ចាប់តាំងពីចូលឆ្នាំនេះមក ប្រទេសលីទុយអានីបានគប់គិតជាមួយអាជ្ញាធរតៃវ៉ាន់ជាប់រហូតមក ដែលបានប្រព្រឹត្តទង្វើបង្ករឿងហេតុ ដើម្បីប្រឆាំងនឹងប្រទេសចិនជាបន្តបន្ទាប់។
កាលពីខែកក្កដាឆ្នាំនេះ ភាគីលីទុយអានីឯកភាពគ្នាឱ្យអាជ្ញាធរតៃវ៉ាន់បង្កើតអ្វីដែលហៅថា «ទីស្នាក់ការនៃតំណាង» នៅក្រុង វីលនីស រដ្ឋធានីលីទុយអានី ដែលបានល្មើសយ៉ាងកម្រោល នូវគោលការណ៍ប្រទេសចិនតែមួយ ដែលត្រូវទទួលស្គាល់ជាទូទៅពីសហគមន៍អន្តរជាតិ និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។ ការកោះហៅឯកអគ្គរដ្ឋទូតចិន ឱ្យត្រឡប់ទៅវិញរបស់ភាគីចិនលើកនេះ ជាទង្វើដ៏ចាំបាច់និងត្រឹមត្រូវ ដើម្បីគាំពារផលប្រយោជន៍ស្នូល របស់ប្រទេសជាតិ ហើយក៏ជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះប្រទេសលីទុយអានី និងប្រទេសផ្សេងទៀតដែលមានចេតនាអាក្រក់ផងដែរ។
តាមការពិត អ្នកផងទាំងពួងសុទ្ធតែដឹងច្បាស់ថា លីទុយអានីដែលពឹងផ្អែកយ៉ាងខ្លាំងលើសហរដ្ឋអាមេរិកលើវិស័យសន្តិសុខ បានបង្ករឿងហេតុជុំវិញបញ្ហាតៃវ៉ាន់ឥតឈប់ឈរ ចាប់តាំងពីរដ្ឋាភិបាលអាមេរិកអាណត្តិនេះ បានឡើងកាន់មុខតំណែងមក គឺចង់ផ្គាប់ចិត្តភាគីអាមេរិកតាមរយៈទង្វើបែបនេះ ដើម្បីជំរុញឱ្យសហរដ្ឋអាមេរិកយកចិត្តទុកដាក់ដល់តម្រូវការរបស់ខ្លួន។ ប៉ុន្តែ លីទុយអានីបានវាយតម្លៃខ្ពស់ ចំពោះឋានៈនិងសមត្ថភាពរបស់ខ្លួន ។
សហរដ្ឋអាមេរិក បានដាក់ចំណុចសំខាន់នៃយុទ្ធសាស្ត្រនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងការបង្កើតរចនាសម្ព័ន្ធក្នុងតំបន់របស់អាមេរិក ប្រទេសលីទុយអានី ដែលជាប្រទេសតូចនៅតាមសមុទ្របាល់ទិកនេះ សូម្បីតែកូនអុកក៏មិនមែនដែរ។ មិនថាលីទុយអានីបង្ករឿងហេតុ យ៉ាងណាក៏ដោយ ក៏មិនអាចបង្កជាផលប៉ះពាល់អ្វីនោះឡើយ គ្រាន់តែនឹងធ្វើឱ្យខ្លួនឯងរងការខូចខាតយ៉ាងដំណំប៉ុណ្ណោះ ។
បច្ចុប្បន្ននេះ អ្វីដែលមានសារៈសំខាន់បំផុតចំពោះលីទុយអានីគឺ ស្វែងយល់ពីព័ត៌មានសំខាន់ដែលប្រទេសចិន បានបញ្ចេញតាមរយៈការកោះហៅឯកអគ្គរដ្ឋទូតចិន ឱ្យត្រឡប់ទៅវិញលើកនេះ ព្រមទាំងយល់ឃើញថា គោលការណ៍ប្រទេសចិនតែមួយជា មូលដ្ឋាននយោបាយសម្រាប់ឱ្យប្រទេសចិន អភិវឌ្ឍទំនាក់ទំនងទ្វេភាគីជាមួយប្រទេសដទៃទៀត ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនិងប្រជាជនចិន ក្នុងការសម្រេចការបង្រួបបង្រួមជាតិ គឺមិនអាចរង្គោះរង្គើបានទេ ហើយខ្សែបន្ទាត់ក្រហមស្តីពីការគាំពារអធិបតេយ្យភាព និងបូរណភាពដែនដីរបស់ចិន ក៏មិនអនុញ្ញាតឱ្យបំពានបានផងដែរ។
ភាគីលីទុយអានីគួរតែដឹងច្បាស់ថា ការស្វែងរកផលប្រយោជន៍ ក្នុងការប្រកួតប្រជែងរវាងប្រទេសធំៗ មិនខុសអ្វីពីការប្រលែងជាមួយភ្លើងនោះទេ ដែលងាយប៉ះពាល់ដល់ផលប្រយោជន៍ផ្ទាល់ខ្លួន។ លីទុយអានីចំាបាច់ត្រូវកែតម្រូវ សេចក្តីសម្រេចចិត្តដ៏ខុសឆ្គងភ្លាម ចាត់វិធានការយ៉ាងប្រាកដប្រជា លុបបំបាត់ឥទ្ធិពលអវិជ្ជមាន កុំដើរឱ្យកាន់តែឆ្ងាយទៅៗលើផ្លូវខុសឆ្គង។ ការបង្រួបបង្រួមត្រើយទាំងសងខាងច្រកសមុទ្ររបស់ប្រទេសចិន ជានិន្នាការប្រវត្តិសាស្ត្រ ដែលគ្មានអ្នកណាឬកម្លាំងណាអាចរារាំងបានទេ៕