(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១៤៣,៤៥៩នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ៦១៤នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៧,០៥៥,៩១៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៥,៦៣៦នាក់ និងជាសះស្បើយឡើងសរុបជាង ៣០លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។
សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញ កំពុងជួបប្រទះការកើនឡើងករណីឆ្លង COVID-19 ឡើងវិញយ៉ាងគំហុក ហើយបើទោះបីជាអ្នកដែលបានចាក់វ៉ាក់សាំងរួច ក៏អាចឆ្លងជំងឺនេះដែរ។ ករណីឆ្លងជំងឺ COVID-19 និងការចូលសម្រាកនៅមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់មួយ ក្នុងរយៈពេល ០៦ខែចុងក្រោយនេះដោយសារ វីរុសបំប្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៥២លានដូស ក្នុងនោះប្រជាជន ១៩៥.៦៤លាននាក់ (៥៩.៦% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ ដូស និង ១៦៦.៨៦លាននាក់ទៀត (៥០.៨%) បានទទួលការចាក់គ្រប់ដូស ឬ ២ ដូស៕