(ម៉ានីល)៖ មជ្ឈមណ្ឌលចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងរដ្ឋធានីម៉ានីល នឹងត្រូវបើកដំណើរការ ២៤ម៉ោងលើ ២៤ម៉ោងតែម្តង ដើម្បីផ្តល់សេវាកាន់តែគ្រប់ជ្រុងជ្រោយដល់ប្រជាជន ឆ្លើយតបនឹងកំណើននៃករណីឆ្លងវីរុសបំប្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាល្ងាចថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។
គិតត្រឹមដើមសប្តាហ៍នេះ តែ ១០% ប៉ុណ្ណោះនៃចំនួនប្រជាជនហ្វីលីពីនទាំង ១១០លាននាក់ បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 គ្រប់ដូស។ ប្រការនេះហើយ ទើបផែនការចាក់វ៉ាក់សាំងឲ្យបាន ៧០% នៃប្រជាជនសរុបនៅត្រឹមចុងឆ្នាំ២០២១ ក្លាយជារឿងដ៏លំបាកមួយ ជាពិសេសនៅពេលតែវីរុសបំប្លែងថ្មី Delta កំពុងធ្វើឲ្យយុទ្ធនាការប្រយុទ្ធប្រឆាំង COVID-19 កាន់តែយ៉ាប់យ៉ឺនខ្លាំងបំផុត។
គួរបញ្ជាក់ថា រដ្ឋធានីម៉ានីល និងតំបន់ជុំវិញដែលមានប្រជាជនរស់នៅសរុប ១៣លាននាក់ ត្រូវបានដាក់ទៅក្នុងការរឹតត្បិតកម្រិតខ្ពស់ ដើម្បីទប់ស្កាត់ការរីករាលដាល នៃវីរុសបំប្លែងថ្មី Delta។ គិតត្រឹមថ្ងៃពុធនេះ ហ្វីលីពីនមានករណីឆ្លង COVID-19 សរុប ១,៦៨៨,០៤០ករណី ក្នុងនោះស្លាប់ ២៩,៣៧៤នាក់ និងជាសះស្បើយវិញ ១.៥៧លាននាក់។ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ កាលពីសប្តាហ៍មុននេះ ធ្លាប់បានរំលឹកប្រជាជនរបស់លោកថា បើអ្នកមិនព្រមទៅចាក់វ៉ាក់សាំងបង្ការ COVID-19 ទេនោះ សូមកុំចេញពីផ្ទះ៕