(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅព្រឹកថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ២១,០៣៨ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ២០,៨៦៥ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ១៧៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ២០៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ដែលនៅតែជាតួលេខអ្នកស្លាប់ ស្ថិតក្នុងអត្រាខ្ពស់ដដែល។ ដោយឡែកអ្នកជំងឺចំនួន ២២,០១២នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេសចំនួន ៨១៦,៩៨៩ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៧៩៥នាក់ និងអ្នកជាសះស្បើយឡើងវិញ ៦៩៩,១៥២នាក់។ គិតត្រឹមថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ១៩.៦លានដូស ក្នុងនោះប្រជាជន ៤.២៨លាននាក់ ឬស្មើនឹង ៦.១% នៃចំនួនប្រជាជនសរុប បានទទួលការចាក់គ្រប់ដូស៕