(ប៉េកាំង)៖ ថ្ងៃទី៩ ខែ សីហា ឆ្នាំ២០២១ ធនាគារគំនិតចំនួន ៣ រួមមានវិទ្យាស្ថានហិរញ្ញវត្ថុ Chongyang នៃសាកលវិទ្យាល័យប្រជាជនរបស់ប្រទេសចិន ធនាគារគំនិត Taihe និងធនាគារគំនិត Haituguozhi បានចេញផ្សាយ របាយការណ៍សិក្សាស្រាវជ្រាវមួយដែលមានចំណងជើងថា «អាមេរិកជាប់លេខ ១ ?! ការពិតអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់សហរដ្ឋអាមេរិក» នេះគឺជារបាយការណ៍ធនាគារគំនិតដំបូងបង្អស់ នៅទូទាំងពិភពលោក ដែលបានលាតត្រដាងការពិត អំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់សហរដ្ឋអាមេរិក ហើយក៏ជារបាយការណ៍លម្អិត ដែលសិក្សាស្រាវជ្រាវរួមគ្នាជាលើដំបូងដោយ ស្ថាប័នធនាគារគំនិតល្បីល្បាញចំនួនបីផងដែរ។
«របាយការណ៍» នេះបានប្រើការសិក្សាស្រាវជ្រាវយ៉ាងហ្មត់ចត់ ទិន្នន័យពិតនិងគោលជំហរសត្យានុម័ត ដើម្បីច្រានចោលភាពមិនសមហេតុផល ដែលទីភ្នាក់ងារព័ត៌មាន Bloomberg បានចុះផ្សាយថា “ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 របស់សហរដ្ឋអាមេរិកជាប់លេខ ១ នៅលើពិភពលោក”។
«របាយការណ៍» នេះបានបង្ហាញឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានធ្វើផ្ទុយនឹងវិទ្យាសាស្ត្រ ផ្ទុយនឹងចំណេះដឹងទូទៅស្តីពីការបង្ការ និងគ្រប់គ្រងជំងឺ COVID-19 ការចាត់វិធានការ និងគោលនយោបាយ និងការតាមដានប្រភពវីរុសជាដើម នេះគឺជាមូលហេតុផ្ទាល់ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជា «ប្រទេសបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19»។
«របាយការណ៍» នេះសម្គាល់ឃើញថា សហរដ្ឋអាមេរិកកំពុងបំផ្លាញយ៉ាងគឃ្លើន ដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ជាសកល។ ក្នុងនាមជាប្រទេសមហាអំណាចលេខមួយនៅលើពិភពលោក អាមេរិកបែរជាបណ្តែតបណ្តោយឱ្យវីរុសនេះរីករាលដាល ដែលធ្វើឱ្យស្ថានការណ៍ជំងឺ COVID-19 រីករាលដាលកាន់តែធ្ងន់ធ្ងរឡើងៗនៅក្នុងប្រទេសដទៃ។ បន្ទាប់ពីការផ្ទុះរាលដាលនៃជំងឺ COVID-19 នៅតែមានពលរដ្ឋអាមេរិកជាង ២០លាននាក់ចេញទៅបរទេស។ អាមេរិកមានទំនួលខុសត្រូវដែលមិនអាចបដិសេធបាន ចំពោះការបង្កឱ្យជំងឺ COVID-19 រាតត្បាតនៅលើពិភពលោក។
ជាចុងក្រោយ «របាយការណ៍» នេះបានគូសបញ្ជាក់ថា ការពិតវាអាចនឹងមកដល់យឺត ប៉ុន្តែវានឹងមិនអវត្តមានឡើយ។ ប្រជាជនចិននិងប្រជាជនទូទាំងពិភពលោក កំពុងអំពាវនាវឱ្យស្វែងរកការពិត អំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19៕