(ប៉េកាំង)៖ ទាក់ទិននឹងទង្វើខុសទំនងបំផុតរបស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg នាពេលថ្មីៗកន្លងទៅនេះ ដែលបានជ្រើសរើសនឹងសម្រាំងសហរដ្ឋអាមេរិកជា «ប្រទេសដែលជាប់ចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» នៅថៃ្ងទី៩ ខែសីហា ធនាគារគំនិតដ៏ល្បីឈ្មោះចំនួន៣ របស់ប្រទេសចិន បានរួមគ្នាចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវ ដែលមានចំណងជើងថា «អាមេរិកកាន់លំដាប់ថ្នាក់ទីមួយ?! ការពិតនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់អាមេរិក»។
ធនាគារគំនិតចិនទាំង៣ បានបង្ហាញពីសភាពការណ៍ពិតប្រាកដរបស់អាមេរិក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាល នៃជំងឺឆ្លងតាមរយៈការសិក្សាស្រាវជ្រាវដ៏តឹងរ៉ឹង ទិន្នន័យលម្អិតនិងគោលជំហរជាសត្យានុម័ត។ ប្រការនេះមិនត្រឹមតែបានលាតត្រដាងយ៉ាងច្បាស់ នូវពាក្យភូតកុហករបស់អាមេរិកស្តីពី «ប្រទេសជាប់ចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង» ប៉ុណ្ណោះទេ ថែមទាំងក៏ធ្វើឱ្យពិភពលោកឃើញច្បាស់ថា តើប្រជាជនអាមេរិកដែលគ្មានទោសកំហុស បានក្លាយជាឧបករណ៍ត្រូវពលីក្នុង «ល្បែងអំណាច» តាមរបៀបណា។
គិតមកទល់បច្ចុប្បន្ននេះ ករណីឆ្លងវីរុសជំងឺកូវីដ១៩ នៅទូទាំងអាមេរិកបានលើសពី ៣៥លាននាក់ ហើយករណីស្លាប់បានលើសពី ៦១០,០០០នាក់។ ទិន្នន័យទាំងពីរនេះសុទ្ធតែបំបែកកំណត់ត្រាខ្ពស់បំផុត នៅលើពិភពលោក។ លោក William Foege អ្នកជំនាញផ្នែកជំងឺរាតត្បាត និងជាអតីតអ្នកទទួលខុសត្រូវ នៃមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃអាមេរិក បានរិះគន់ដោយត្រង់ៗថា «នេះគឺជាការសម្លាប់រង្គាលមួយលើក!» ពិតមែនហើយ បើនិយាយចំពោះប្រជាជនអាមេរិក ការរីករាលដាលនៃជំងឺឆ្លងនេះ មិនត្រឹមតែជាគ្រោះមហន្តរាយធម្មជាតិប៉ុណ្ណោះទេ ថែមទាំងក៏កាន់តែជាគ្រោះចង្រៃ ដែលបង្កដោយមនុស្សផងដែរ ពោលគឺការបដិបក្ខគ្នារវាងបក្សពួកនយោបាយ ដែលបានដក់ក្នុងផ្នត់គំនិតរបស់មនុស្ស ធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ក្លាយជាបញ្ហានយោបាយ ដែលបណ្តាលឱ្យប្រជាជនអាមេរិកដែល «មិនបាច់ត្រូវបាត់បង់ជីវិត» បានលាចាកលោក។
ពេលទើបមានការរីករាលដាលនៃជំងឺកូវីដ១៩ រដ្ឋាភិបាលអាមេរិកកាលនោះ បានមើលរំលងការព្រមានអំពីជំងឺឆ្លងម្តងហើយម្តងទៀត និងព្យាយាមបន្សាបហានិភ័យ នៃការរីករាលដាលជំងឺឆ្លង ដើម្បីធានាដល់សេដ្ឋកិច្ចនិងឱកាសការងារ។ នៅពេលដែលជំងឺកូវីដ ១៩ បានរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅតំបន់ជាច្រើន ដូចជារដ្ឋញូយ៉កនិងរដ្ឋកាលីហ្វ័រញ៉ាជាដើម ដែលគណបក្សប្រជាធិបតេយ្យកំពុងកាន់អំណាច សមាជិកបក្សប្រជាធិបតេយ្យបែរជា បានចំណាយកម្លាំងកាយចិត្តជាច្រើនទៅលើ «ការបង្កជាការប៉ះពាក្យសម្តី» តែមិនមែនធ្វើការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងយ៉ាងពិតប្រាកដនោះទេ។
បន្ទាប់មក ចាប់ពីការធ្វើតេស្តរកវីរុសកូវីដ១៩ ការពាក់ម៉ាស់ និងការរក្សាគម្លាតសុវត្ថិភាព រហូតដល់ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ និងការដាក់ចេញនូវសេចកី្តព្រាងច្បាប់ ស្តីពីការជួយសម្រាលភាពលំបាកជាបន្ទាន់ ស្ទើរតែរាល់វិធានការទាំងអស់ ដែលពាក់ព័ន្ធនឹងការរីករាលដាលនៃជំងឺឆ្លង សុទ្ធតែពោរពេញទៅដោយការវិវាទខាងផលប្រយោជន៍ រវាងគណបក្សទាំងពីររបស់អាមេរិក។
«ទំនាស់នយោបាយផ្ទៃក្នុង» បានបណ្តាលឱ្យគោលនយោបាយបង្ការការរីករាលដាលនៃជំងឺឆ្លង មានភាពច្របូកច្របល់និងមានភាពយឺតយ៉ាវ ក្នុងការប្រតិបត្តិជាក់ស្តែង។ ហេតុនេះបានជា បន្ទាប់ពីការផ្ទុះជំងឺកូវីដ១៩ រយៈពេល៦ខែ នៅអាមេរិក រដ្ឋាភិបាលអាមេរិកនៅមិនទាន់ បានគ្រោងយុទ្ធសាស្ត្រជាតិដោយឯកភាពនៅឡើយ។ អាយុជីវិតរបស់ប្រជាជនអាមេរិកម្នាក់ហើយម្នាក់ទៀត បាត់បង់ក្នុងការបដិបក្ខគ្នារវាងអ្នកនយោបាយទាំងនោះ។
បច្ចុប្បន្ននេះ គ្រោះមហន្តរាយមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ កំពុងកើតឡើងនៅអាមេរិកជាបន្តទៀត។ យ៉ាងណាមិញ ការបដិបក្ខគ្នារវាងគណបក្សគ្មាននិន្នាការបញ្ចប់ទាល់តែសោះ។ ភាពលំបាករបស់អាមេរិកអំពី «ការបែកបាក់នៃអំណាចទាំង៣» ដែលមានភាពស្ងៀមស្ងាត់ផែ្នកយុត្តិធម៌ ការបដិបក្ខគ្នាផែ្នកនីតិប្បញ្ញតិ្ត និងអសមត្ថភាពក្នុងអភិបាលកិច្ច បានបង្ហាញឱ្យឃើញថា ពាក្យស្លោកនយោបាយស្តីពី «ការរួមសាមគ្គីគ្នា» ក្នុងការថ្លែងសុន្ទរកថាក្នុងពិធីឡើងកាន់មុខតំណែង របស់ប្រធានាធិបតីអាមេរិកអាណត្តិបច្ចុប្បន្ន គ្រាន់តែជាពាក្យស្លោកនិយាយតាមមាត់តែប៉ុណ្ណោះ ។
អាមេរិកនាពេលបច្ចុប្បន្ននេះ មិនសក្តិសមនឹងងារថាជា «ប្រទេសដែលជាប់ចំណាត់ថ្នាក់ទីមួយនៅទូទាំងពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩» នោះទេ គួរតែដាក់ងារថា គ្រាន់តែជា «ប្រទេសកាន់លំដាប់ថ្នាក់ទីមួយ ក្នុងចំណោមប្រទេសដែលទទួលបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល» និង «ប្រទេសកាន់លំដាប់ថ្នាក់ទីមួយ ក្នុងចំណោមប្រទេស ដែលមានភាពប្រេះស្រាំយ៉ាងធ្ងន់ធ្ងរខាងនយោបាយ» ទើបសមជាង៕