(ញយ៉ក)៖ អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានប្រកាសលាលែងចេញពីតំណែងហើយថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីការស៊ើបអង្កេតមួយរកឃើញថាលោកបានបៀតបៀនផ្លូវភេទលើស្ត្រី១១នាក់ និងមានការអំពាវនាវឱ្យចុះចេញពីតំណែងពីសំណាក់លោកប្រធានាធិបតី ចូ បៃដិន។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១។
លោក Andrew Cuomo ជាអ្នកប្រជាធិបតេយ្យម្នាក់ដែលបានឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កចាប់តាំងពីឆ្នាំ២០១១មក បានប្រកាសលាលែងពីតំណែង ក្រោយអគ្គរដ្ឋអាជ្ញារដ្ឋញូយ៉ក លោកស្រី Letitia James កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅបានចេញផ្សាយលទ្ធផលនៃការស៊ើបអង្កេតឯករាជ្យដែលចំណាយ ពេលអស់៥ខែ ជាមួយការសន្មត់ថាលោក Cuomo ពិតជាបានប្រព្រឹត្តទង្វើបំពានច្បាប់របស់រដ្ឋញូយ៉ក និងច្បាប់សហព័ន្ធអាមេរិក។
តែទោះជាបែបនេះក្ដី នៅក្នុងសុន្ទរកថារយៈពេល ២០នាទី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារសប្ដាហ៍នេះ លោក Andrew Cuomo នៅតែបដិសេធថាលោក មិនបានធ្វើខុសអ្វីទាំងអស់ ទោះជាលោកនិយាយថាលោកទទួលខុសត្រូវទាំងស្រុងចំពោះការបៀតបៀនលើស្ត្រីទាំងនោះដោយមិនបានរៀបចំផែនការអាក្រក់ ណាមួយទុកជាមុនក៏ដោយ។
គួរបញ្ជាក់ថា បើតាមលោក Andrew Cuomo ការលាលែងចេញពីតំណែងជាអភិបាលរដ្ឋញូយ៉ករបស់លោកនឹងត្រូវចូលជាធរមាននៅក្នុងរយៈពេល១៤ថ្ងៃ ហើយអភិបាលរងលោកស្រី Kathy Hochul នឹងត្រូវឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កថ្មី រហូតដល់ខែធ្នូ ឆ្នាំ២០២២៕