(អាល្លឺម៉ង់)៖ អធិការបតីអាល្លឺម៉ង់លោកស្រី អែនជេឡា មឺកែល បានមានប្រសាសន៍ថា រដ្ឋាភិបាលសហព័ន្ធអាល្លឺម៉ង់សម្រេចផ្តល់ថវិកាប្រមាណ ៣០ពាន់លានអឺរ៉ូ ឬស្មើនឹង ៣៥ពាន់លានដុល្លារ ដល់តំបន់ភាគខាងលិចប្រទេស ដែលរងគ្រោះដោយទឹកជំនន់ធ្ងន់ធ្ងរ កាលពីខែមុននេះ ដើម្បីជួយចំណាយលើការជួសជុល និងសាងសង់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន AFP នៅយប់ថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។
សេចក្តីសម្រេចនេះធ្វើឡើង បន្ទាប់ពីលោកស្រី បានពិភាក្សាជាមួយមេដឹកនាំថ្នាក់តំបន់ជុំវិញបញ្ហានេះ ដោយលោកស្រីបាននិយាយថា អាល្លឺម៉ង់នឹងផ្តល់ថវិការហូតដល់ ៣០ពាន់លានអឺរ៉ូ ដើម្បីស្តារឡើងវិញ បន្ទាប់ពីគ្រោះទឹកជំនន់ដ៏អាក្រក់មួយ បានបំផ្លាញផ្ទះសម្បែង និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើននៅតំបន់ភាគខាងលិចប្រទេសកាលពីខែមុននេះ។
លោកស្រី មឺកែល បានគូសបញ្ជាក់ថា ការចំណាយនឹងត្រូវបានចែករំលែករវាងរដ្ឋាភិបាលសហព័ន្ធ និងរដ្ឋចំនួន១៦ ដោយបានហៅសេចក្តីសម្រេចនេះថាជា «សញ្ញានៃសាមគ្គីភាពជាតិ»៕