(ឌីលី)៖ ប្រទេសទីម័រខាងកើត នៅថ្ងៃអង្គារនេះបានរាយការណ៍ជាលើកដំបូងបំផុតពីការរកឃើញករណីឆ្លងក្នុងសហគមន៍នៃវីរុសបំប្លែង Delta ដោយកំពុងបង្កឱ្យ មានការព្រួយបារម្ភពីការកើនឡើងករណីឆ្លង COVID-19។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។

ការធ្វើតេស្ដលើសំណាក់ដោយវិទ្យាស្ថាន Doherty Institute របស់ប្រទេសអូស្ត្រាលី ក្នុងសប្ដាហ៍ដំបូងនៃខែសីហាកន្លងទៅនេះ បានរកឃើញថាសំណាកចំនួន ២៧ ដែលត្រូវបានប្រមូលនៅក្នុងតំបន់ Ermera ពីមនុស្សដែលឆ្លងកូវីដ-១៩ ក្នុងនោះមាន ១២នាក់បានឆ្លងវីរុសបំប្លែងថ្មី Delta។ Ermera ជាតំបន់ដែលមានចំនួនករណី ឆ្លង COVID-19 ខ្ពស់ជាងគេ និងមានអត្រាអ្នកចាក់វ៉ាក់សាំងទាបជាងគេនៅក្នុងប្រទេសទីម័រខាងកើត ហើយមិនតែប៉ុណ្ណោះតំបន់នេះមានព្រំដែនជាប់ឥណ្ឌូណេស៊ី ជាទីដែលវីរុសបំប្លែងថ្មី Delta កំពុងរ៉ាប់រងករណីឆ្លង COVID-19 ថ្មីៗ។

គួរបញ្ជាក់ថា ទីម័រខាងកើតដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ីគ្នេយ៍ និងមានប្រជាជន ១.៣លាននាក់ បានកត់ត្រាករណីឆ្លង COVID-19 ចំនួន ១១,៥៧៩នាក់ ក្នុងនោះស្លាប់ ២៨នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជំងឺដ៏កាចសាហាវមួយនេះ។ ចំណែកឯ ការចាក់វ៉ាក់សាំងវិញ ទីម័រខាងកើតសម្រេចបានការចាក់វ៉ាក់សាំងគ្រប់ដូសតែ ៨.៥ភាគរយប៉ុណ្ណោះនៃប្រជាជនសរុបរបស់ខ្លួន ដោយប្រើវ៉ាក់សាំង AstraZeneca និង Sinovac៕