(បាងកក)៖ ទីបំផុតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានប្រកាសដកបទបញ្ជា ដែលមានគោលដៅរឹតត្បិតលើការផ្សាយព័ត៌មាន នាំឲ្យមានការភ័យខ្លាចអំលុងជំងឺ COVID-19 កំពុងរាតត្បាតនោះវិញហើយ បន្ទាប់ពីទទួលបានសេចក្តីសម្រេចពីតុលាការ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។
ការសម្រេចចិត្តខាងលើនេះ ត្រូវបានធ្វើឡើងកាលពីថ្ងៃចន្ទ ប៉ុន្តែកាសែត Royal Gazette ទើបតែបានចេញផ្សាយនៅថ្ងៃអង្គារនេះប៉ុណ្ណោះ។ បទបញ្ជារបស់លោក ប្រាយុទ្ធ ចាន់អូចា ត្រូវបានដាក់ចេញកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ដោយតម្រូវឲ្យទប់ស្កាត់ជាដាច់ខាត នូវការផ្សព្វផ្សាយព័ត៌មាននានា ដែលអាចបង្កការភ័យខ្លាច អំលុងការរាតត្បាតនៃជំងឺ COVID-19 ព្រោះវានឹងបង្កផលប៉ះពាល់ដល់សណ្តាប់ធ្នាប់ សន្តិសុខ និងសន្តិភាពរបស់ប្រទេសជាតិ។
ស្ថិតនៅក្រោមបទបញ្ជាខាងលើនេះ អាជ្ញាធរនៃរដ្ឋាភិបាលថៃមានសិទ្ធិ នៅក្នុងការត្រួតពិនិត្យលើប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ដើម្បីរកមើលអ្នកបំពានបទបញ្ជា ហើយពួកគេមានសិទ្ធិបង្គាប់ឲ្យក្រុមហ៊ុនផលិតសេវាអ៊ីនធើណិត បិទការផ្សព្វផ្សាយមាតិការទាំងនោះបាន ដោយមានកិច្ចសហការជាមួយស្ថាប័នប៉ូលិសជាតិផងដែរ។
យ៉ាងណាក៏ដោយ ក្រោយពីការប្រកាសបទបញ្ជាខាងលើនេះភ្លាម ការរិះគន់ពីសំណាក់សាធារណមតិ និងជាពិសេសពីសំណាក់បណ្តាញអ្នកសារព័ត៌មាន និងក្រុមអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសថៃ បានផ្ទុះឡើងជាបន្តបន្ទាប់ ហើយញត្តិមួយត្រូវបានដាក់ជូនទៅតុលាការ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលោក ប្រាយុទ្ធ ដកបទបញ្ជាខាងលើនេះវិញ។
នៅទីបំផុតតុលាការថៃបានកាត់សេចក្តីថា បទបញ្ជារបស់រដ្ឋាភិបាលថៃ បានដកហូតនូវសិទ្ធិ និងសេរីភាពរបស់ប្រជាជន ដោយគ្មានភាពចាំបាច់អ្វី ត្រូវធ្វើបែបនេះទាល់តែសោះ ហើយការមានអំណាចផ្តាច់សេវាអ៊ីធើណិត គឺជាទង្វើប្រឆាំងនឹងច្បាប់ ព្រោះអ៊ីនធើណិតជាមធ្យោបាយដ៏ចាំបាច់បំផុត សម្រាប់ប្រជាជនស្វែងយល់ព័ត៌មានអំពី COVID-19 អំលុងការរាតត្បាតនៃជំងឺនេះ។ ហេតុដូច្នេះតុលាការបានសម្រេច ឲ្យមានការដកបញ្ជានេះវិញ៕