(កាប៊ុល)៖ ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក អាសរ៉ាហ្វ ហ្កានី (Ashraf Ghani) មើលឃើញថាកិច្ចចរចាសន្តិភាពជាមួយក្រុមតាលីបង់មិនអាចទៅរួចឡើយ ហើយកំពុង សម្លឹងមើលការបំពាក់អាវុធដល់ជនស៊ីវិល និងធ្វើកិច្ចសហប្រតិបត្តិការជាមួយមេដឹកនាំកងកម្លាំងស្វយ័តមួយចំនួននៅក្នុងប្រទេស ដើម្បីតស៊ូប្រឆាំងកុំឱ្យក្រុមតាលីបង់ផ្ដួលរំលំ រដ្ឋាភិបាលរបស់លោក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។
អ្នកនាំពាក្យវិមានប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក មហាំម៉ាត់ អាមីរី (Mohammad Amiri) បាននិយាយថាលោក Ashraf Ghani កំពុងមានអារម្មណ៍ឯកោដោយសារ ការចាកចេញរបស់សហរដ្ឋអាមេរិកក្នុងបរិបទដែលក្រុមតាលីបង់ទទួលបានការគាំទ្រផ្នែកការទូតពីបណ្ដាប្រទេសសំខាន់ៗដូចជាប៉ាគីស្ថាន, រុស្ស៊ី និងចិន។ អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា៖ «ខណៈរដ្ឋាភិបាលនៅតែបើកទ្វារចំហរដើម្បីចរចា ក្រុមតាលីបង់បែរជាមិនចង់ចរចាទៅវិញ។ ពួកគេមិនជឿជាក់លើកិច្ចចរចាសន្តិភាពទេ។ ពួកគេ កំពុងព្យាយាមដណ្ដើមអំណាចដោយកម្លាំងបាយ ហើយមានសកម្មភាពខ្លះជាទង្វើមិនអាចទទួលយកបានឡើយចំពោះប្រជាជន និងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ យើងចង់ បានសន្តិភាព ប៉ុន្តែពួកគេចង់ឱ្យយើងចុះចាញ់»។
បើតាមលោក Mohammad Amiri ប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក Ashraf Ghani បានសម្រេចចិត្តប្រមូលផ្ដុំកម្លាំង និងបំពាក់អាវុធដល់ប្រជាជនក្នុងតំបន់ឱ្យងើបឡើងតស៊ូ ប្រឆាំងជាមួយក្រុមតាលីបង់ បន្ទាប់ពីលោកបានជួបប្រជុំជាមួយមេបញ្ជាការកងកម្លាំងស្វយ័តមួយចំនួនក្នុងប្រទេស និងថ្នាក់ដឹកនាំនយោបាយកាលពីប៉ុន្មានថ្ងៃមុននេះ។ នៅក្នុង កិច្ចចរចាសន្តិភាពជុំចុងក្រោយនៅឯទីក្រុងដូហា ប្រទេសកាតាកាលពីថ្ងៃទី១៧ ខែកក្កដាកន្លងទៅ ក្រុមតាលីបង់ និងរដ្ឋាភិបាលអាហ្វហ្កានីស្ថានបានឯកភាពថានឹងបន្តជួបចរចា តទៅទៀត។ ប៉ុន្តែតាំងពីពេលនោះមក គ្មានឡើយកិច្ចចរចា ហើយក្រុមតាលីបង់កាលពីចុងសប្ដាហ៍កន្លងទៅ កាន់តែបង្កើនការវាយលុកទៅមុខដោយដណ្ដើមបានទីក្រុង យុទ្ធសាស្ត្រសំខាន់ៗចំនួន៥។
ក្រុមអ្នកជំនាញ និងក្រុមឧត្ដមសេនីយ៍អាមេរិកធ្លាប់បានព្រមានលោក ចូ បៃដិនថារដ្ឋាភិបាលអាហ្វហ្កានីស្ថានអាចនឹងត្រូវដួលរលំក្នុងរយៈពេល៦ខែ ឬអាចលឿនជាងនេះ នៅក្រោយពេលកងទ័ពអាមេរិកត្រូវបានដកចេញទាំងស្រុង។ ឆ្លើយតបទៅនឹងការព្រួយបារម្ភនេះ រដ្ឋបាលលោក ចូ បៃដិននឹងបញ្ជូនបេសកជនពិសេសរបស់ខ្លួនទៅកាន់ ប្រទេសកាតានៅក្នុងសប្ដាហ៍នេះ ដើម្បីដាក់សម្ពាធឱ្យក្រុមតាលីបង់បញ្ឈប់ការវាយលុករបស់ពួកគេ។
ប៉ុន្តែវាហាក់ដូចជាគ្មានសង្ឃឹមឡើយថាក្រុមតាលីបង់នឹងទទួលយកសំណើណាមួយ ស្របពេលពួកគេកំពុងមានប្រៀបលើកងកម្លាំងរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។ មួយវិញទៀត សហរដ្ឋអាមេរិក ក៏ត្រូវបានគេមើលឃើញដែរថាបានត្រៀមខ្លួនហើយចំពោះការដួលរលំរបស់រដ្ឋាភិបាលលោក Ashraf Ghani ដោយអ្នកនាំពាក្យមន្ទីរបញ្ចកោណនៃ ក្រសួងការពារជាតិអាមេរិក លោក John Kirby បាននិយាយត្រង់ៗថាការការពារប្រទេស គឺវាអាស្រ័យទៅលើកងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថានខ្លួនឯង។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិនបានប្រកាសដកកងទ័ពអាមេរិកទាំងអស់ចេញពីប្រទេសអាហ្វហ្កានីស្ថានឱ្យបានមុនថ្ងៃទី៣១ ខែសីហាខាងមុខនេះពោលគឺ ឱ្យបានមុនថ្ងៃខួបវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ហើយទោះជាមានការរិះគន់ក៏ដោយ ក៏លោកនៅតែការពារការសម្រេចចិត្តរបស់លោកដដែល៕