(ហ្សាការតា)៖ ប្រទេសឥណ្ឌូណេស៉ី នៅថ្ងៃអង្គារនេះ បានសម្រេចបន្តអនុវត្តវិធានការរឹតត្បឹត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 នៅក្នុងកោះជ្វា (Java) និងកោះបាលី (Bali) រហូតដល់ថ្ងៃទី១៦ ខែសីហា ប៉ុន្តែនឹងបន្ធូរបន្ថយវិធានការនេះ នៅក្នុងតំបន់ចំនួន២៦ ខណៈទិន្នន័យផ្លូវការបានបង្ហាញថា ករណីឆ្លងនៅក្នុងរដ្ឋធានីហ្សាការតា (Jakarta) បានធ្លាក់ចុះ ប៉ុន្តែកំពុងកើនឡើង នៅក្នុងតំបន់ផ្សេងទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។
កាលពីដើមខែកក្កដា អាជ្ញាធរឥណ្ឌូណេស៉ី បានដាក់ចេញនូវវិធានការរឹតត្បឹតលើការធ្វើដំណើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងថ្មី Delta នៅក្នុងកោះជ្វា និងកោះបាលី។ រដ្ឋមន្ត្រីឥណ្ឌូណេស៉ី លោក ល៊ូហ៊ុត ផានចៃតាន់ (Luhut Pandjaitan) ដែលទទួលបន្ទុកដឹកនាំកិច្ចប្រឹងប្រែងឆ្លើយតបបញ្ហា COVID-19 នៅកោះជ្វា និងកោះបាលី បាននិយាយកាលពីយប់ថ្ងៃចន្ទម្សិលមិញនេះថា «សូមកុំបណ្ដោយឱ្យភាពប្រសើរឡើង ដែលយើងសម្រេចបានដោយភាពនឿយហត់ ត្រូវខ្ជះខ្ជាយឥតប្រយោជន៍ទៅវិញ»។
លោក Luhut Pandjaitan បាននិយាយបន្ថែមថា ហាងទំនិញនិងផ្សារលក់ដូរ នឹងបើកដំណើរការឡើងវិញ តែអនុញ្ញាតឲ្យមនុស្សចូលត្រឹមតែ ២៥ភាគរយប៉ុណ្ណោះ ហើយសម្រាប់តែអ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 រួចរាល់ប៉ុណ្ណោះ លើកលែងតែកុមារ និងមនុស្សចាស់ ហើយពួកគេត្រូវបង្ហាញភស្តុតាងបញ្ជាក់អំពីការចាក់វ៉ាក់សាំង ដោយប្រើកម្មវិធីឌីជីថល។
ចំណែកឯ វិធានការរឹតត្បិតនៅក្នុងតំបន់ដែលនៅខាងក្រៅកោះជ្វា និងកោះបាលី នឹងត្រូវបន្តរហូតដល់ថ្ងៃទី២៣ ខែសីហា ដោយសារករណីឆ្លងកើនឡើងប្រហែល ១.២ភាគរយ ខណៈករណីឆ្លងនៅកោះជ្វា និងកោះបាលីធ្លាក់ចុះប្រហែល ២៧ភាគរយ នៅក្នុងខែសីហានេះ។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសឥណ្ឌូណេស៊ី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ៣.៦៨លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ១០៨,០០០នាក់ និងអ្នកជាសះស្បើយ ៣.១២លាននាក់៕