(ញូយ៉ក)៖ ករណីឆ្លងជំងឺ COVID-19 និងការចូលសម្រាកនៅមន្ទីរពេទ្យនៅសហរដ្ឋអាមេរិក បានកើនឡើងដល់កម្រិតខ្ពស់មួយ ក្នុងរយៈពេល ០៦ខែចុងក្រោយនេះដោយសារ វីរុសបំប្លែងថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស និងងាយបង្កឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់រហូតដល់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។
ករណីឆ្លងជំងឺ COVID-19 នៅសហរដ្ឋអាមេរិក ជាមធ្យមជាង ១០ម៉ឺនករណីក្នុងមួយថ្ងៃ ត្រូវបានរាយការណ៍ក្នុងរយៈពេល ០៣ថ្ងៃជាប់ៗគ្នាហើយ ដែលកើនឡើងប្រហែល ៣៥ភាគរយក្នុងរយៈពេល ០១សប្តាហ៍ចុងក្រោយនេះ ក្នុងនោះរដ្ឋល្វីល្យាណា (Louisiana), ផ្លរីដា (Florida), អាកានសាស់ (Arkansas) បានរាយការណ៍ពីការរកឃើញ ករណីឆ្លងថ្មីៗច្រើនជាងគេ។ ចំណែកឯ ការចូលសម្រាកនៅមន្ទីរពេទ្យ ក៏បានកើនឡើងប្រហែល ៤០ភាគរយផងដែរ ខណៈការស្លាប់បានកើនឡើងប្រហែល១៨ភាគរយ កាលពីសប្តាហ៍មុន។
ការឆ្លងរីករាលដាលនៃជំងឺ COVID-19 កាន់តែខ្លាំងឡើង បាននាំឱ្យមានការលុបចោលនូវព្រឹត្តិការណ៍ធំៗមួយចំនួន។ ព្រឹត្តិការណ៍លើកលែងដ៏គួរឱ្យកត់សម្គាល់មួយ គឺការប្រមូលផ្តុំគ្នាជិះម៉ូតូប្រចាំឆ្នាំនៅទីក្រុង Sturgis រដ្ឋ South Dakota ដែលបានដំណើរការទៅដូចការគ្រោងទុក។
បើតាមទិន្នន័យពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) របស់សហរដ្ឋអាមេរិក បានឱ្យដឹងថា រដ្ឋផ្លរីដា កាលពីថ្ងៃអាទិត្យ បានរាយការណ៍ពីការរកឃើញករណីឆ្លងថ្មីៗ ចំនួន ២៨,៣១៧ករណីក្នុងមួយថ្ងៃ។ ការចូលសម្រាកនៅមន្ទីរពេទ្យនៅរដ្ឋផ្លរីដាបានកើនឡើងខ្ពស់បំផុត ក្នុងរយៈពេល ០៨ថ្ងៃជាប់ៗគ្នា ហើយសិស្សានុសិស្សនៅរដ្ឋផ្លរីដា ភាគច្រើនត្រូវត្រលប់មកចូលសាលារៀនវិញនៅសប្តាហ៍នេះ ខណៈសាលារៀនមួយចំនួន កំពុងជជែកវែកញែកគ្នាថាតើសិស្សានុសិស្សទាំងនោះត្រូវអនុវត្តវិធានការ ពាក់ម៉ាស់ឡើងវិញដែរ ឬយ៉ាងណា។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ សហរដ្ឋអាមេរិកបានកត់ត្រាចំនួនអ្នកឆ្លង COVID-19 សរុប ៣៦,៧៨០,៤៨០ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៣៣,៧៩៩នាក់ និងជាសះស្បើយឡើងសរុប ២៩.៩២លាននាក់៕