(ប៉េកាំង)៖ ថ្ងៃទី៩ ខែសីហា នៅក្រុងប៉េកាំង ធនាគារគំនិតទាំងបី គឺវិទ្យាស្ថានសិក្សាស្រាវជ្រាវហិរញ្ញវត្ថុ Chong Yang នៃសកលវិទ្យាល័យប្រជាជនចិន ធនាគារគំនិត Tai He និងធនាគារគំនិត INTELLISIA បានចេញផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវដែលមានចំណងជើងថា «“អាមេរិកកាន់លំដាប់ថ្នាក់ទីមួយ ”? ការពិតនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់អាមេរិក» នេះគឺជារបាយការណ៍ទីមួយដែលធនាគារគំនិតបានចេញផ្សាយ ដើម្បីលាតត្រដាងនូវការពិត នៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់អាមេរិក។
របាយការណ៍នេះបានទាត់ចោលភាពខុសទំនងនៃតារាងចំណាត់ថ្នាក់ របស់ទីភ្នាក់ងារសារព័ត៌មាន Bloomberg ស្តីពី “អាមេរិកបានកាន់លំដាប់ថ្នាក់ទីមួយ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល” ព្រមទាំងទទួលបានសេចកី្តសន្និដ្ឋានថា តាមពិតទៅអាមេរិកគឺជាប្រទេសកាន់លំដាប់ថ្នាក់ទីមួយ ក្នុងចំណោមប្រទេសដែលទទួលបរាជ័យ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល ជាប្រទេសកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេស ដែលបានទម្លាក់កំហុសទៅឱ្យប្រទេសផ្សេងទៀត ជាប្រទេសកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេស ដែលមានការរីករាលដាលនៃជំងឺកូវីដ១៩នៅទូទាំពិភពលោក ជាប្រទេសកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេស ដែលមានភាពប្រេះស្រាំយ៉ាងធ្ងន់ធ្ងរខាងនយោបាយ ជាប្រទេសកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេស ដែលបានដាក់ឱ្យចរាចរណ៍រូបិយវត្ថុដោយផ្តេសផ្តាស ជាប្រទេសកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេស ដែលមានភាពច្របូកច្របល់ក្នុងគ្រារីករាលដាលនៃជំងឺឆ្លង ជាប្រទេសកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេស ដែលបានប្រឌិតព័ត៌មានក្លែងក្លាយ និងជាប្រទេសកាន់លំដាប់ថ្នាក់ទីមួយក្នុងចំណោមប្រទេស ដែលមានភេរវកម្មនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩។
នៅពីក្រោយតួលេខព្រងើយអំពីករណីឆ្លងជំងឺកូវីដ១៩ និងករណីស្លាប់ គឺការបដិបក្ខគ្នាខាងនយោបាយក្នុងប្រទេសអាមេរិក ជាពិសេសការបដិបក្ខគ្នារវាងបក្សពួកនយោបាយ ធ្វើឱ្យការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងទៅជាបញ្ហានយោបាយ ដែលបណ្តាលឱ្យប្រជាជនអាមេរិកដែល “ដើមឡើយមិនបាច់បាត់បង់ជីវិត” បានលាចាកលោក។ ដោយរងការវាយប្រហារពីវីរុស និងគ្រោះចង្រៃបណ្តាលមកពីមនុស្ស បានជាគិតរហូតដល់បច្ចុប្បន្ននេះ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមិនបានទទួលការគ្រប់គ្រងដោយប្រសិទ្ធភាពនៅឡើយ សាកសពរបស់ពលរដ្ឋអាមេរិកចំនួនជាង ៦០០,០០០នាក់ដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ បានគរដូចជាភ្នំ។
របាយការណ៍នេះបានលាតត្រដាងឱ្យដឹងថា រដ្ឋាភិបាលអាមេរិកបានប្រព្រឹត្តទង្វើប្រឆាំងវិទ្យាសាស្ត្រ និងគ្មានចំណេះដឹងទូទៅ លើវិស័យជាច្រើនដូចជាការបង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ការដាក់ចេញគោលនយោបាយ និងវិធានការណ៍ ក៏ដូចជាការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ១៩ជាដើម នេះជាមូលហេតុផ្ទាល់ដែលបណ្តាលឱ្យអាមេរិកក្លាយជាប្រទេសទទួល បរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង។ ក្រៅពីនេះ ប្រព័ន្ធបម្រុងសហព័ន្ធអាមេរិកបានដាក់ឱ្យចរាចរណ៍រូបិយវត្ថុដោយផ្តេសផ្តាស គ្រាន់តែប្រើពេលវាលាតែមួយឆ្នាំកន្លះ អាមេរិកក៏បានដាក់ឱ្យចរាចរណ៍នូវដុល្លារអាមេរិកចំនួនជិតពាក់កណ្តាល នៃចំនួនសរុបក្នុងរយៈពេលជាង២រយឆ្នាំកន្លងមក។ រីឯបណ្តាប្រទេសនានាលើពិភពលោក មានតែ “ទទួលកំហុស” ដោយខានមិនបាន ដែលបានរងសម្ពាធខាងអតិផរណា សម្ពាធខាងភាពច្របូកច្របល់ និងសម្ពាធពីពពុះសេដ្ឋកិច្ចដោយខានពុំបាន។
ទង្វើរបស់អាមេរិកបែបនេះ ធ្វើឱ្យបណ្តាប្រទេសនានានៅលើពិភពលោក ដែលបាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ត្រូវរងសម្ពាធបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច និងសង្គម រហូតដល់នឹងបណ្តាលឱ្យកើតមានការប៉ះទង្គិចខាងនយោបាយ និងភាពចលាចលក្នុងតំបន់។
របាយការណ៍នេះបានលើកឡើងទៀតថា ការរីករាលដាលនៃជំងឺកូវីដ១៩ធ្វើឱ្យសង្គមអាមេរិក មានភាពបែកបាក់គ្នាកាន់តែធ្ងន់ធ្ងរ។ ពាក្យសំដីដ៍ខុសទំនងស្តីពីប្រភពដើមនៃវីរុសកូវីដ១៩ ក៏បានធ្វើឱ្យពលរដ្ឋដើមកំណើតអាស៊ីរងការប្រមាថ និងការស្អប់ខ្ពើមថែមមួយកម្រិតទៀត។
មួយរយៈកាលមុន លោក បៃដិន ប្រធានាធិបតីអាមេរិកបានបញ្ជាឱ្យស្ថាប័នស៊ើបការណ៍អាមេរិក ប្រគល់របាយការណ៍ស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ក្នុងរយៈពេល៩០ថ្ងៃ បន្ទាប់មក មន្ត្រីជាន់ខ្ពស់ជាច្រើនរូបនៃរដ្ឋាភិបាលអាមេរិក បានបង្ហាញអាកប្បកិរិយាជាបន្តបន្ទាប់ ចំពោះការតាមដានរកប្រភពដើមនៃវីរុស ដែលបានបង្កជាការវិវាទលើឆាកអន្តរជាតិដោយគ្មានហេតុផល។ ប៉ុន្តែ ទាក់ទិននឹងបញ្ហាចោទជាមន្ទិលសង្ស័យ អំពីការរីករាលដាលនៃជំងឺឆ្លងនៅអាមេរិក នៅរយៈពេលដំបូងបង្អស់ ប្រឈមនឹងការផ្តោតសំខាន់ពីសំណាក់សហគមន៍អន្តរជាតិ អាមេរិកបែរជារក្សាភាពស្ងៀមស្ងាត់ជាប់រហូត ។
បើប្រៀបធៀបនឹងវីរុសកូវីដ១៩ “វីរុស” កាន់តែកាចសាហាវ គឺភេរវកម្មនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដែលកើតឡើងជាបន្តបន្ទាប់ ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិកហ្នឹងឯង៕