(វ៉ាស៊ីនតោន)៖ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងអាមេរិក (CDC) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) បានចេញសេចក្តីណែនាំ កុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសអ៉ីស្រាអែល, បារាំង, ថៃ, អ៉ីស្លង់ រួមទាំងបណ្ដាប្រទេសជាច្រើនទៀត ដោយសារបារម្ភពីការកើនឡើងករណីឆ្លង COVID-19 នៅបណ្ដាប្រទេសទាំងនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១។
សេចក្តីណែនាំកម្រិតធ្ងន់ដោយ CDC ត្រូវបានធ្វើឡើងតាមរយៈបញ្ចូលបណ្ដាប្រទេសខាងលើ ទៅក្នុងកម្រិតប្រកាសអាសន្នលេខ ៤ ដែលជាកម្រិតអាសន្នពី COVID-19 «ខ្ពស់បំផុត» ខណៈករណីឆ្លងនៃជំងឺរាតត្បាតមួយនេះ កំពុងកើនឡើងនៅជុំវិញពិភពលោក។ សហរដ្ឋអាមេរិកបានបញ្ចូលបន្ថែមប្រទេសថៃ, អ៉ីស្រាអែល, តំបន់ វែសត៍ ប៊ែង (West Bank) និងតំបន់ Gaza រួមជាមួយ ដែនដីផ្សេងទៀតដូចជាប្រទេសដែនកោះ អារូបា (Aruba) និងដែនដីបារាំងនៅឯនាយសមុទ្រ ហ្វ្រេន ផូលីណេស៊ី (French Polynesia) ទៅក្នុងបញ្ជីប្រកាសអាសន្នរបស់ខ្លួនដែលមានប្រទេសច្រើនជាង ៧០ ក្នុងនោះក្រៅពីថៃ ក៏មានប្រទេសអាស៊ីអាគេ្នយ៍បីទៀតដែរគឺ ឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា ក្រសួងការបរទេសអាមេរិក ក៏បានចេញការប្រកាសអាសន្នកម្រិតលេខ ៤ ពោលគឺណែនាំកុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសបារាំង និងប្រទេសអ៉ីស្លង់ផងដែរ ខណៈប្រទេសអូទ្រីស, ក្រូអាត, អែល សាវ៉ាដ័រ, អាហ្សែរបៃហ្សង់, កោះហ្កំា, កេនយ៉ា និងចាម៉ៃកា ត្រូវបានបញ្ចូលទៅក្នុងកម្រិតប្រកាសអាសន្ន លេខ៣។ បើតាម CDC អ្នកដែលមិនបានចាក់វ៉ាក់សាំង ត្រូវចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ ទៅកាន់បណ្ដាប្រទេសទាំងនេះ៕