(ប៉េកាំង)៖ «បើធ្វើជាមន្ត្រីកុំគិតពីការមានបាន បើចង់មានបានកុំមកធ្វើជាមន្ត្រី»។ លោក Xi Jinping បានគូសបញ្ជាក់បែបនេះនៅពេលលោកទើបបំពេញការងារជា លេខាធិការបក្សកុម្មុយនិស្តចិនប្រចាំតំបន់ Ningde។ កាលពីចុងទសវត្សឆ្នាំ៨០ ប្រជាជននៅតំបន់ Ningde ខេត្ត Fujian ត្អូញត្អែរកាន់តែខ្លាំងឡើងៗ លើការដែល កម្មាភិបាលសង់លំនៅដ្ឋានឯកជនដោយខុសច្បាប់។ រវាងប្រជាជនចំនួន៣លាននាក់និងកម្មាភិបាលជាង ២ពាន់នាក់ លោក Xi Jinping បានជ្រើសយកឈរជាមួយ ប្រជាជនដោយម៉ឺងម៉ាត់។
នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១២ សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី១៨ បានបង្ហាញមុខជាលើកដំបូងនៅសាលប្រជុំ ប្រជាជនទីក្រុងប៉េកាំង។ ពេលជួបជាមួយអ្នកសារព័ត៌មានជាតិនិងអន្តរជាតិចំនួនជាង៥០០នាក់ លោក Xi Jinping បានថ្លែងថា៖ «ក្នុងបក្សយើងមានបញ្ហាជាច្រើន ត្រូវដោះស្រាយជាបន្ទាន់។
ពិសេសបញ្ហាពុករលួយ ការនៅឆ្ងាយពីប្រជាជន ទម្រង់និយម ការិយាល័យនិយមជាដើមចាំបាច់ត្រូវខិតខំដោះស្រាយឱ្យបាន។ រយៈពេល ២ខែក្រោយពីនោះ
លោក Xi Jinping បានប្រកាសពីពាក្យសន្យាធ្វើការប្រយុទ្ធប្រឆាំងអំពើពុករលួយក្នុងយុគសម័យថ្មីរបស់ប្រទេសចិន៖ «វាយទាំង «ខ្លា« និង«រុយ» !» -ដែលមានន័យថា៖ មិនថាមន្ត្រីថ្នាក់កំពូលឬថ្នាក់ទាប ស៊ីសំណូកច្រើនឬតិចតួចក្តីត្រូវដាក់ពិន័យតាមច្បាប់។ និយាយរួចត្រូវធ្វើ។ រយៈពេល ៥ឆ្នាំចន្លោះពីសមាជបក្សលើកទី១៨ និងសមាជបក្ស លើកទី១៩ ស្ថាប័នអធិការកិច្ចទូទាំងប្រទេសចិនបានដាក់ពិន័យលើមន្ត្រីនិងបុគ្គលិកចំនួន ១៥៣ ម៉ឺន ៧ ពាន់នាក់។
នាឆ្នាំ២០១៩ ក្នុងប្រទេសចិនមានមន្ត្រីនិងបុគ្គលិក ១០,៣៥៧នាក់បានចូលសារភាពទោសដោយខ្លួនឯង។ នាឆ្នាំ២០២០ ក្នុងប្រទេសចិនមានមនុស្សចំនួន ៦ ម៉ឺន ៦ ពាន់នាក់បានរាយការបញ្ហាដោយស័គ្រចិត្ត។ ការអប់រំ សុខាភិបាល ការបង្កើតអាជីព ការផ្តល់ឱកាសការងារ ការថែទាំមនុស្សចាស់ៗ ការការពារបរិស្ថាន ... បញ្ហាដែល ប្រជាជនចិនយកចិត្តទុកដាក់ ក៏ជាវិស័យសំខាន់ដែលបក្សកុម្មុយនិស្តចិនធ្វើការស៊ើបអង្កេតអំពីអំពើពុករលួយផងដែរ។
ប្រជាជនបានផ្តល់សិទ្ធិអំណាចឱ្យយើង យើងចាំបាច់ត្រូវតបស្នងសងគុណតាមរយៈការបំពេញភារកិច្ចបក្សនិងរដ្ឋដោយពេញទំហឹង។ បើមិនហ៊ានទាស់ចិត្តពួកប្រព្រឹត្ត អំពើពុករលួយរាប់ពាន់នាក់ទេនោះនឹងធ្វើឱ្យប្រជាជន ១៣០០លាននាក់ខកចិត្ត។ លោក Xi Jinping បានប្រកាន់ខ្ជាប់អាកប្បកិរិយាតឹងរ៉ឹងក្នុងការជំរុញឱ្យបក្សកុម្មុយនិស្តចិន ប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយក្នុងកម្រិតខ្ពស់ ខ្លាំង និងស៊ីជម្រៅដែលមិនធ្លាប់មានដែលបានរួមចំណែកយ៉ាងវិជ្ជមាន ក្នុងការកសាងសង្គមដែលប្រជាជនមាន ជីវភាពធូរធារបង្គួរ ដោយគ្រប់ជ្រុងជ្រោយរបស់ប្រទេសចិន៕