(ម៉ានីល)៖ ក្រសួងសុខាភិបាលហ្វីលីពីន បាននិយាយនៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះថា មន្ទីរពេទ្យស្ទើរតែមួយភាគប្រាំ នៅប្រទេសហ្វីលីពីន ជិតលែងមានសមត្ថភាពបន្តទទួលអ្នកជំងឺទៀតហើយ ដោយសារតែការកើនឡើងនូវករណីឆ្លងជំងឺ COVID-19 ដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំង នៅពាសពេញប្រទេសអាស៉ីអាគ្នេយ៍មួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។
បើតាមទិន្នន័យផ្លូវការ ករណីឆ្លងជំងឺ COVID-19 នៅប្រទេសហ្វីលីពីន ជាប្រទេសដែលមានប្រជាជនរស់នៅប្រមាណ ១១០លាននាក់នេះ បាននិងកំពុងកើនឡើងក្នុងអត្រាឆ្លងពី ៨,០០០ករណីទៅ ១០,០០០ករណីក្នុងមួយថ្ងៃ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលលើសពីអត្រាមធ្យមប្រចាំថ្ងៃ គឺចំនួន ៥,៧០០ករណីដែលបានរាយការណ៍ កាលពីកំលុងខែមុន។
អ្នកនាំពាក្យក្រសួងសុខាភិបាលហ្វីលីពីន លោកស្រី ម៉ារៀ រ៉ូសារីអូ វើហ្គា (Maria Rosario Vergeire) បាននិយាយថា «វាអាចទៅរួចដែលករណីឆ្លង នឹងបន្តកើនឡើង សូម្បីតែបន្ទាប់ពីការដាក់ចេញនូវវិធានការបិទខ្ទប់ដ៏តឹងរឹងបំផុត (ECQ) នៅក្នុងរដ្ឋធានីម៉ានីល (Manila) និងតំបន់ជុំវិញនោះរួចហើយក៏ដោយ»។
លោកស្រី Maria Rosario Vergeire បាននិយាយបន្ថែមថា ក្នុងចំណោមមន្ទីរពេទ្យចំនួន ១,២៩១កន្លែង នៅប្រទេសហ្វីលីពីន មានមន្ទីពេទ្យចំនួន ២៣៦កន្លែងបានឈានដល់ «កម្រិតធ្ងន់ធ្ងរ» ដោយសមត្ថភាពផ្ទុកអ្នកជំងឺ បានឈានដល់ជាង ៨៥ភាគរយហើយ ដោយសារតែការកើនឡើងនៃករណីឆ្លង ហើយមន្ទីរពេទ្យនៅក្នុងតំបន់រដ្ឋធានី ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើង នូវករណីឆ្លងជំងឺរាតត្បាតដ៏កាចសាហាវនេះ នាពេលបច្ចុប្បន្ន ក៏កំពុងប្រឈមមុខនឹងស្ថានភាពស្រដៀងគ្នានេះដែរ ដោយមានមន្ទីរពេទ្យចំនួន ២៥កន្លែង ក្នុងចំណោមមន្ទីរពេទ្យចំនួន ១៥៩កន្លែង ជិតលែងមានសមត្ថភាពទទួលអ្នកជំងឺ។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសហ្វីលីពីន បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជាង ១.៦៦លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៩,០០០នាក់ ខណៈអ្នកជាសះស្បើយជាង ១.៥៦លាននាក់ ហើយប្រទេសនេះ មានគោលបំណងផ្ដល់ការចាក់វ៉ាក់សាំងជូនដល់ ប្រជាជនរបស់ខ្លួនរហូតដល់ ៧០លាននាក់ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ខណៈប្រជាជនចំនួន ១១លាននាក់ បានទទួលការចាក់វ៉ាក់សាំងពេញលេញ (ចំនួន ០២ដូស) រួចរាល់ហើយ៕