(កាប៊ុល)៖ ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន នាថ្ងៃចន្ទនេះបានឲ្យដឹងថា ក្រុមសកម្មប្រយុទ្ធតាលីបង់យ៉ាងហោច ២០នាក់ ត្រូវបានសម្លាប់ និង៨នាក់បានរងរបួស ក្រោយប៉ះទង្គិចគ្នាជាមួយកងទ័ពរដ្ឋាភិបាល ពេលពួកគេបើកការវាយប្រហារលើទីក្រុង Aybak ដែលជាទីក្រុងធំរបស់ខេត្ត Samangan នៅភាគខាងជើង កាលពីយប់ថ្ងៃអាទិត្យកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។
បើតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងមហាផ្ទៃអាហ្វហ្គានីស្ថាន ក្រុមតាលីបង់បាននាំគ្នាដកថយទៅវិញ បន្ទាប់បានបាត់បង់កម្លាំងបែបនេះ។ ពួកគេបានសម្រុកចូលទីក្រុង Aybak ពីទិសដៅផ្សេងៗគ្នា ដើម្បីព្យាយាមដណ្តើមកាន់កាប់ទីក្រុងនេះថែមទៀត។ ក្នុងថ្ងៃអាទិត្យដដែលនោះ ក្រុមតាលីបង់ បានវាយដណ្តើមយកបានទីក្រុងធំៗចំនួន៣ ដោយគិតតាំងពីថ្ងៃសុក្រសប្តាហ៍មុនមក គឺទីក្រុងសំខាន់ៗសរុបចំនួន៥ បានធ្លាក់ក្នុងកណ្តាប់ដៃរបស់ក្រុមតាលីបង់។
គួរបញ្ជាក់ថា រាប់សប្តាហ៍កន្លងទៅនេះ ទីក្រុងជាច្រើន រួមទាំងប្រមាណជាពាក់កណ្តាលនៃខេត្តទាំង៣៤ របស់ប្រទេសអាហ្វហ្គានីស្ថាន បានក្លាយជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក រវាងក្រុមតាលីបង់ និងយោធាអាហ្វហ្គានីស្ថាន៕