(វៀងច័ន្ទ)៖ ក្រសួងសុខាភិបាលឡាវនៅថ្ងៃចន្ទនេះបានប្រកាសថា ករណីវិជ្ជមាន COVID-19 សរុប ១៧០នាក់ទៀតត្រូវបានរកឃើញ នៅក្នុងកំលុងពេល ២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យតួលេខអ្នកកើតជំងឺនេះសរុប កើនឡើងដល់ ៨,៥៦១នាក់ ក្នុងនោះចំនួនអ្នកស្លាប់ នៅរក្សាត្រឹម ០៨នាក់ដដែល ខណៈចំនួនអ្នកជាសះស្បើយវិញបានកើនឡើងដល់ ៤,៤៦១នាក់។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នារសៀលថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលឡាវបានគូសបញ្ជាក់ទៀតថា ក្នុងចំណោមករណីឆ្លងថ្មីៗទាំង ១៧០នាក់ខាងលើនេះ ១៤៩នាក់ជាករណីនាំចូល និង ២១នាក់ជាករណីឆ្លងក្នុងសហគមន៍។ ប្រទេសឡាវនៅតែបន្តអនុវត្តការរឹតត្បិត នៅទូទាំងប្រទេសដដែល ជាពិសេសនៅតាមច្រកព្រំដែនសំខាន់ៗជាមួយប្រទេសជិតខាង ខណៈជនជាតិខ្លួនដែលបានត្រលប់ចូលមកក្នុងស្រុកវិញ កាន់តែច្រើនមានផ្ទុកវីរុស COVID-19។
កន្លងមកនេះ ប្រទេសឡាវត្រូវបានគេមើលឃើញថា បានគ្រប់គ្រងការឆ្លងរាតត្បាត COVID-19 យ៉ាងល្អប្រសើរ គិតចាប់តាំងពីការរកឃើញអ្នកឆ្លងចំនួន ០២ករណីដំបូង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០។ ទោះជាយ៉ាងណា ក្រោយរលកថ្មីនៃ COVID-19 បោកបក់តំបន់អាស៊ាន ប្រទេសឡាវក៏មិនអាចគេចផុតនោះដែរ ដោយការផ្ទុះឡើងនូវករណីឆ្លងទ្រង់ទ្រាយធំដំបូង បានកើតមានឡើងកាលពីអំលុងខែមេសា ឆ្នាំ២០២១៕