(ប៉េកាំង)៖ ប្រទេសចិននៅចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១២៥ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ៣១ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ។
បើតាមគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៩៤ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ៤១ករណីត្រូវបានរកឃើញនៅក្នុងខេត្តហឺណាន (Henan), ៣៨ករណីនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ១២ករណីនៅក្នុងខេត្តហ៊ូណាន (Hunan), និង ០៣ករណីទៀតនៅក្នុងខេត្តហ៊ូប៉ី (Hubei)។
ដោយឡែក ៣១ករណីផ្សេងទៀត ជាករណីនាំចូលក្នុងនោះរួមមាន៖ ០៨ករណីត្រូវបានរកឃើញនៅក្នុងទីក្រុងសៀងហៃ (Shanghai), ០៨ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), ០៨ករណីនៅក្នុងខេត្តយូណា (Yunnan), ០៣ករណីនៅក្នុងទីក្រុងប៉េកាំង (Beijing), ០១ករណីនៅក្នុងខេត្តអ៉ីនណឺ ម៉ុងហ្គោលី (Inner Mongolia), ០១ករណីនៅក្នុងខេត្តស៉ីជាំង (Zhejiang), ០១ករណីនៅក្នុងខេត្តស៉ីឈាន់ (Sichuan), និង ០១ករណីទៀតនៅក្នុងខេត្តសានស៉ី (Shaanxi)។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,៨២៦ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៥៨៧នាក់៕