(ម៉ិកស៉ីកូស៉ីធី)៖ មន្ត្រីសុខាភិបាលម៉ិកស៉ីកូបាននិយាយថា វីរុសបំប្លែងថ្មី Delta ត្រូវបានរកឃើញប្រមាណជា ៩០ភាគរយនៃករណីឆ្លងជំងឺ COVID-19 ថ្មីៗ នៅក្នុងរដ្ឋធានី ម៉ិកស៉ីកូ ស៉ីធី (Mexico City)។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
បើតាមមន្ត្រីសុខាភិបាលម៉ិកស៊ីកូ វីរុសបំប្លេងថ្មីផ្សេងទៀត ក៏កំពុងត្រូវបានត្រួតពិនិត្យនៅក្នុងរដ្ឋធានី ម៉ិកស៉ីកូ ស៉ីធីដែរ ទោះបីជាពួកវាមិនមានភាពលេចធ្លោ ដូចវីរុសបំប្លែងថ្មី Delta ដែលកំពុងឆ្លងរីករាលដាលយ៉ាងខ្លាំងនៅក្នុងរដ្ឋធានីនេះក៏ដោយ។
បើតាមសាកលវិទ្យាល័យ ចន ហបឃីនស៍ (Johns Hopkins) រហូតមកដល់ពេលនេះ ទីក្រុង Mexico City បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងទីក្រុងចំនួន ៨០៤,២៩៨ករណី ហើយក្នុងនោះអ្នកស្លាប់ចំនួន ៣៥,៩៦៤នាក់។
អ្នកឯកទេសមកពីអង្គការ Pan American Health Organization បានព្រមានថា ក្នុងរយៈពេល ០៨សប្តាហ៍ចុងក្រោយនេះ ចំនួនករណីឆ្លងជំងឺ COVID-19 ដែលបង្កឡើង ដោយវីរុសបំប្លែងថ្មី Delta នៅប្រទេសម៉ិកស៉ីកូ បានកើនឡើងទ្វេដងពី ៣១ភាគរយនៃចំនួនករណីឆ្លងសរុប រហូតដល់ ៦៧ភាគរយនៃចំនួនករណីឆ្លងសរុប។
គួរបញ្ជាក់ថា បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសម៉ិកស៉ីកូ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេសជាង ២.៩៤លានករណី ក្នុងនោះមានអ្នកស្លាប់ជាង ២៤៣,០០០នាក់ និងអ្នកជាសះស្បើយជាង ២.២៩លាននាក់៕