(ឡូស អាន់ជែលឡែស)៖ ភ្លើងឆេះព្រៃឈ្មោះ Dixie Fire ដែលកំពុងឆាបឆេះក្នុងរដ្ឋកាលីហ្វ័រញ៉ា បានក្លាយជាភ្លើងឆេះព្រៃធំជាងគេបំផុត នៅក្នុងសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០២១នេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
ភ្លើងឆេះព្រៃ Dixie Fire បានឆាបឆេះបំផ្លាញព្រៃឈើលើផ្ទៃដី ១៧៣,១៥៣ហិកតា ហើយគិតត្រឹមព្រឹកថ្ងៃសុក្រសប្ដាហ៍នេះ ក្រុមអ្នកពន្លត់អគ្គិភ័យទើបតែគ្រប់គ្រង
ភ្លើងឆេះព្រៃនេះបានត្រឹមតែ ៣៥ភាគរយប៉ុណ្ណោះ ខណៈ Dixie Fire ឆាបឆេះរាលដាលក្នុងទំហំជាង ៤០,៤៦៨ហិកតាក្នុងរយៈពេល ២៤ម៉ោង។
គួរបញ្ជាក់ថា ភ្លើងឆេះព្រៃ Dixie Fire បានចាប់ផ្ដើមឆាបឆេះតាំងតែពីថ្ងៃទី១៣ ខែកក្កដាមកម្ល៉េះ ហើយវាក៏ជាភ្លើងឆេះព្រៃដ៏ធំបំផុតទី៣ ក្នុងប្រវត្តិសាស្ត្រ នៃរដ្ឋកាលីហ្វ័រញ៉ាផងដែរ បន្ទាប់ពីភ្លើងឆេះព្រៃឈ្មោះ August Complex Fire កាលពីឆ្នាំ២០២០ និង Mendocino Complex Fire កាលពីឆ្នាំ២០១៨។ Dixie Fire បាន និងកំពុងឆាបឆេះក្នុងទីតាំងជាច្រើននៃតំបន់ Northern California ដោយបំផ្លាញហេដ្ឋារចនាសម្ព័ន្ធយ៉ាងហោច ៩១កន្លែង៕