(ប៉េកាំង)៖ ប្រទេសចិននៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១០៧ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ ដែលភាគច្រើនជាករណីឆ្លងក្នុងសហគមន៍ ដោយមានតែ ៣២ករណីប៉ុណ្ណោះជាករណីនាំចូល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ។
បើតាមគណៈកម្មការសុខាភិបាលជាតិចិន (NHC) ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ៧៥ករណី ជាករណីឆ្លងក្នុងសហគមន៍ក្នុងនោះរួមមាន៖ ៥៣ករណីត្រូវបានរកឃើញនៅក្នុងខេត្តជាំងស៊ូ (Jiangsu), ០៩ករណីនៅក្នុងខេត្តហ៊ូប៉ី (Hubei), ០៩ករណីនៅក្នុងខេត្តហ៊ូណាន (Hunan), និង ០៤ករណីនៅក្នុងខេត្តហឺណាន (Henan)។
ដោយឡែក ៣២ករណីផ្សេងទៀតជាករណីនាំចូលក្នុងនោះរួមមាន៖ ១១ករណីត្រូវបានរកឃើញនៅក្នុងខេត្តយូណា (Yunnan), ០៩ករណីនៅក្នុងទីក្រុងសៀងហៃ (Shanghai), ០៥ករណីនៅក្នុងខេត្តធានជីង (Tianjin), ០៣ករណីនៅក្នុងខេត្តក្វាងទុង (Guangdong), ០២ករណីនៅក្នុងខេត្តស៉ីឈាន់ (Sichuan), ០១ករណីនៅក្នុងខេត្តស៉ីជាំង (Zhejiang) និង ០១ករណីទៀតនៅក្នុងខេត្ត Jiangsu។
គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសចិនបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៩៣,៦០៥ករណី ក្នុងនោះមានអ្នកស្លាប់ ៤,៦៣៦ករណី និងអ្នកជាសះស្បើយ ៨៧,៥២៥នាក់៕