(អូស្រ្តាលី)៖ ញូសោតវែលស៍ (New South Wales) ដែលជារដ្ឋមានប្រជាជនរស់នៅច្រើនបំផុតរបស់ប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍នេះបានប្រកាសពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៣១៩នាក់ ដែលជាតួលេខ «ខ្ពស់បំផុត» គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺដ៏កាចសាហាវមួយនេះ និងជាការបំបែកកំណត់ត្រាចំនួនអ្នកឆ្លងប្រចាំថ្ងៃ បីថ្ងៃជាប់ៗគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែសីហា ឆ្នាំ២០២១។
បើតាមអាជ្ញាធរសុខាភិបាលក្នុងរដ្ឋ New South Wales ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ អ្នកជំងឺ COVID-19 ចំនួន ០៥នាក់ក៏បានស្លាប់ផងដែរ នៅកំលុងនៃការឆ្លងរាតត្បាតនៃវីរុសបំប្លែងថ្មី Delta ដែលត្រូវបានរាយការណ៍ដំបូងក្នុងរដ្ឋមួយនេះ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ។ បូកបញ្ចូលតួលេខអ្នកស្លាប់នេះធ្វើឱ្យចំនួន អ្នកស្លាប់ដោយសារ COVID-19 ក្នុងរដ្ឋ New South Wales កើនដល់ ២៧នាក់ ក្នុងការផ្ទុះករណីឆ្លងចុងក្រោយបំផុតនេះ និងកើនដល់ ៨៤នាក់ ចាប់តាំងពីការផ្ទុះឡើងដំបូងនៃជំងឺ COVID-19។
គួរបញ្ជាក់ថា បច្ចុប្បន្នមនុស្ស ៣៤៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋ New South Wales ក្នុងនោះមាន ៥៦នាក់ស្ថិតនៅក្នុងបន្ទប់សង្រ្គោះបន្ទាន់ ហើយក្នុងនោះទៀតសោតមាន ២៣នាក់ត្រូវពាក់ឧបករណ៍ជំនួយការដកដង្ហើម។ ដោយឡែក បើតាមគេហទំព័រ worldometer ប្រទេសអូស្រ្ដាលីទាំងមូលមានអ្នកឆ្លង COVID-19 ចំនួន ៣៦,០៥១នាក់ ក្នុងនោះស្លាប់ ៩៣៩នាក់ និងជាសះស្បើយឡើងវិញ ៣០,៤៦២នាក់៕