(តូក្យូ)៖ រដ្ឋាបាលទីក្រុងតូក្យូបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃចំនួន ៤,៥១៥ករណី ហើយខេត្តអូសាកាបានបញ្ជាក់ពីករណីឆ្លងចំនួន ១,៣១០ករណីនៅថ្ងៃសុក្រនេះ ជាមួយនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងជុំវិញសក្តានុពល នៃការដួលរលំនៃប្រព័ន្ធវេជ្ជសាស្ត្រនៅក្នុងប្រទេសជប៉ុន ចំពេលមានការផ្ទុះឡើង នៃជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅយប់ថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។
ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអូឡាំពិក ទីក្រុងតូក្យូត្រូវបានដាក់ឲ្យស្ថិតនៅក្រោមវិធានការអាសន្ន ខណៈដែលរាជធានីមួយនេះបានបំបែកកំណត់ត្រាថ្មី ដោយបានកត់ត្រាតួលេខអ្នកឆ្លងកូវីដ១៩ ប្រចាំថ្ងៃច្រើនបំផុតពីរថ្ងៃជាប់ៗ។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តូក្យូបានបញ្ជាក់ថាមានករណីឆ្លងថ្មីរហូតដល់ ៥,០៤២ករណីក្នុងមួយថ្ងៃ។
ករណីឆ្លងកូវីដ១៩ សរុបនៅទូទាំប្រទេសជប៉ុននាពេលបច្ចុប្បន្នបានកើនលើស ១លានករណីហើយ។ ជាមួយនឹងការឆ្លងរីករាលដាល នៃវីរុសបំប្លែងខ្លួនថ្មី Delta រដ្ឋាភិបាលជប៉ុនបានអូសបន្លាយស្ថានភាពអាសន្នកាលពីដើមសប្តាហ៍នេះ ហើយសម្រេចចិត្តដាក់ខេត្តមួយចំនួនបន្ថែមទៀតចូលទៅក្នុងវិធានការរឹតត្បិតមួយនេះ៕