(ញូដេលី)៖ ក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិក Johnson & Johnson បានដាក់ពាក្យស្នើសុំជាផ្លូវការហើយ ទៅកាន់អាជ្ញាធរនិយ័តករឥណ្ឌា ដើម្បីទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងបង្ការ COVID-19 ប្រភេទចាក់តែមួយដូសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។
បើតាមក្រុមហ៊ុន Johnson & Johnson ពាក្យស្នើសុំខាងលើត្រូវបានដាក់ជូនអាជ្ញាធរនិយ័តករឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ ក្រុមហ៊ុន Johnson & Johnson បានគូសបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍យ៉ាងដូច្នេះថា «វាពិតជាមានសារៈសំខាន់បំផុតក្នុងកាតត្រួសត្រាយផ្លូវ ដើម្បីនាំយកវ៉ាក់សាំង COVID-19 ចាក់តែមួយដូសរបស់យើង យកទៅចាក់ជូនប្រជាជនក្នុងប្រទេសឥណ្ឌា និងនៅជុំវិញពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនឥណ្ឌា បាយអូឡូជីខល អ៊ី (Biological E Limited)»។
គួរបញ្ជាក់ថា ប្រសិនបើវ៉ាក់សាំង Johnson & Johnson ទទួលបានការអនុញ្ញានៅក្នុងប្រទេសឥណ្ឌាមែន នោះវានឹងក្លាយជាវ៉ាក់សាំងបរទេសដ៏ធំទី ២ ដែលទទួលបានការអនុញ្ញាតសម្រាប់ការប្រើប្រាស់បន្ទាន់ នៅក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna របស់សហរដ្ឋអាមេរិក។ ឥណ្ឌាមកទល់នឹងសព្វថ្ងៃនៅតែ ជាប្រទេសរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារ COVID-19 នៅអាស៊ី៕