(កាប៊ុល)៖ យោធាអាហ្វហ្គានីស្ថានបានឲ្យដឹងថា នៅថ្ងៃសុក្រនេះ ជនសកម្មប្រយុទ្ធយ៉ាង៤០នាក់ ត្រូវបានសម្លាប់ ហើយប្រតិបត្តិការដែលមានការគាំទ្រដោយកងយន្តហោះចម្បាំង ដែលកំពុងបន្តប្រព្រឹត្តទៅ ដើម្បីទប់ទល់ការវាយប្រហាររបស់តាលីបង់ មកលើទីក្រុង Shiberghan ដែលស្ថិតនៅខេត្ត Jawzjan ភាគខាងជើងប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។
កងទ័ពអាហ្វហ្គានីស្ថានបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងដូច្នេះថា «កងកម្លាំងសន្តិសុខ ដែលជ្រោមជ្រែងដោយក្រុមយន្តហោះចម្បាំង បានផ្តាច់ជីវិតជនសកម្មប្រយុទ្ធ៤០នាក់ និងចាប់ខ្លួនបាន១៥នាក់ទៀត ក្នុងប្រតិបត្តិការវាយបក ដើម្បីទប់ទល់ការវាយប្រហាររបស់ក្រុមឧទ្ទាមតាលីបង់ មកលើទីក្រុង Shiberghan នៅថ្ងៃនេះ»។
បើតាមមន្រ្តីនិងប្រជាជនរស់នៅទីនោះ ក្រុមសកម្មប្រយុទ្ធតាលីបង់ បានសម្រុកចូលទីក្រុង Shiberghan កាលពីព្រឹកថ្ងៃសុក្រនេះ ហើយការប្រយុទ្ធគ្នាក៏បានផ្ទុះឡើងនិងបន្តរហូតមកទល់ឥឡូវ។
គួរបញ្ជាក់ថា ចាប់តាំងពីដើមខែឧសភាមក ក្រុមតាលីបង់ ដែលបានបង្កើនសកម្មភាព និងគ្រប់គ្រងបានស្រុកប្រហែល២០០ ដោយរួមមានស្រុកខ្លះស្ថិតនៅខេត្ត Jawzjan និងនៅខេត្តក្បែរខាង Faryab នោះ បាននិងកំពុងព្យាយាមវាយកាន់កាប់ទីក្រុងធំៗ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងនោះរួមមានទីក្រុង Herat នៅភាគខាងលិច, ទីក្រុង Lashkar Gah នៅភាគខាងត្បូង, ទីក្រុង Shiberghan និង Maimana នៅភាគខាងជើង៕