(ប៉េកាំង)៖ លោក Michael McCaul ប្រធានសមាជិកបក្សសាធារណរដ្ឋ នៃគណៈកម្មាធិការកិច្ចការទូត នៃសភាតំណាងរាស្រ្តអាមេរិក បានចេញផ្សាយរបាយការណ៍មួយកាលពីថ្ងៃទី ២ ខែសីហាដោយបានមួលបង្កាច់ថា មានភស្តុតាងអាចបង្ហាញថា វីរុសកូវីដ ១៩ ត្រូវធ្លាយចេញពីវិទ្យាស្ថានសិក្សាស្រាវជ្រាវវីរុសនៃក្រុងវូហាន នៅមុនខែកញ្ញា ឆ្នាំ២០១៩។ អ្វីដែលហៅថា របាយការណ៍របស់លោក Michael McCaul នេះ បានប្រឌិតពាក្យភូតកុហក និងមួលបង្កាច់ការពិតទាំងស្រុង ដែលគ្មានភស្តុតាងពិតប្រាកដទាល់តែសោះ ហើយក៏គ្មានភាពជឿជាក់ និងភាពវិទ្យាសាស្ត្រនោះឡើយ។
វាច្បាស់ណាស់ថា បន្ទាប់ពីក្រុមពិនិត្យអង្កេតចម្រុះរបស់អង្គការសុខភាពពិភពលោក និងប្រទេសចិនបានចេញផ្សាយរបាយការណ៍ជាផ្លូវការ កាលពីដើមឆ្នាំនេះដោយបានបង្ហាញថា វីរុសកូវីដ ១៩ "គ្មានលទ្ធភាព" ធ្លាយចេញពីបន្ទប់ពិសោធន៍របស់ចិន ដើម្បីព្យាយាមទម្លាក់កំហុសទៅលើប្រទេសចិនជាថ្មីឡើងវិញ មនុស្សមួយចំនួនរបស់អាមេរិកបានខំប្រឹងរកគ្រប់មធ្យោបាយ ដើម្បីឃោសនាបំប៉ោងពី "ទស្សនៈស្តីពីវីរុសកូវីដ ១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍"។ ទង្វើផ្សេងៗរបស់ពួកគេបានបំពានខ្សែបន្ទាត់ក្រហមសីលធម៌ ល្មើសនឹងវិទ្យាសាស្ត្រនិងការពិតជាក់ស្តែង វាមិនខុសអ្វីពីការប្រព្រឹត្តិ "ភេរវនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុស" នៅទូទាំងពិភពលោក។ ក្នុងនោះ អាមេរិកបានដាក់សម្ពាធទៅលើ អង្គការសុខភាពពិភពលោកឱ្យធ្វើអ្វីដែលហៅថា ការស៊ើបអង្កេតរកប្រភពដើមនៃវីរុសកូវីដ ១៩ ដំណាក់កាលទីពីរចំពោះប្រទេសចិន ព្រមទាំងបានដាក់សម្ពាធទៅលើអ្នកវិទ្យាសាស្ត្រមួយចំនួន ដែលប្រកាន់ខ្ជាប់នូវស្មារតីវិជ្ជជីវៈ ប្រការទាំងនេះបានបណ្តាលឱ្យទូទាំងពិភពលោក មានការខឹងសម្បាជាទូទៅ។
ឧទាហរណ៍ ដូចជាលោក Peter Daszak ប្រធានសម្ព័ន្ធសុខភាពអេកូឡូស៊ីអាមេរិក ធ្លាប់ធ្វើដំណើរទៅប្រទេសចិននៅឆ្នាំនេះ ក្នុងនាយមជាអ្នកជំនាញរបស់អង្គការសុខភាពពិភពលោក ដើម្បីធ្វើការសិក្សាស្រាវជ្រាវអំពីការតាមដានរកប្រភពដើមនៃវីរុស។ ទីបំផុត លោកត្រូវបានកាត់ផ្តាច់ប្រាក់ទុនសិក្សាស្រាវជ្រាវ ដោយវិទ្យាស្ថានជាតិសុខាភិបាលអាមេរិក ពីព្រោះលោកបានបញ្ចេញមតិដ៏ត្រឹមត្រូវ ក្នុងន័យផ្តល់ការគាំទ្រ និងឆ្លើយតបនឹងប្រទេសចិន។
សូមបញ្ជាក់ថា ក្នុងបញ្ហាតាមដានរកប្រភពដើមនៃជំងឺកូវីដ ១៩ យើងគួរគោរពវិទ្យាសាស្ត្រ មិនត្រូវលេងល្បែងនយោបាយនោះទេ។ ការប្រព្រឹត្ត "ភេរវនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុស" របស់អាមេរិកកំពុងបង្កផលប៉ះពាល់ដល់ពិភពលោកទាំងមូល ។
ទីមួយ ធាតុពិតនៃទង្វើបែបនេះ គឺរារាំងមជ្ឈដ្ឋានវិទ្យាសាស្ត្រសកល ក្នុងការស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ និងរំខានដល់ដំណើរយកជ័យជម្នះលើការរីករាលដាល នៃជំងឺឆ្លងដោយប្រើមធ្យោបាយវិទ្យាសាស្ត្ររបស់មនុស្សជាតិ វាជាទង្វើដែលមិនទទួលខុសត្រូវយ៉ាងខ្លាំង ចំពោះប្រជាជនទូទាំងពិភពលោក ក្នុងនោះក៏បូករួមទាំងប្រជាជនអាមេរិកផង។
ទីពីរ អ្នកនយោបាយអាមេរិកមួយចំនួនប៉ុនប៉ងធ្វើឱ្យបញ្ហាស្វែងរកប្រភពដើមនៃវីរុសកូវីដ ១៩ ផ្សារភ្ជាប់ជាមួយប្រទេសចិន រហូតដល់បណ្តាប្រទេសអាស៊ីដើម្បីធ្វើឱ្យ "អារម្មណ៍ប្រឆាំងពលរដ្ឋដើមកំណើតអាស៊ី" របស់ប្រទេសលោកខាងលិចមួយចំនួនតូច ដូចជាអាមេរិកជាដើមមានភាពកាន់តែផុយស្រួយ ហើយបានបង្កើនការរើសអើងពូជសាសន៍ និងការចងគំនុំ។
កាលពីថ្ងៃទី ២ ខែសីហា បក្សនយោបាយ អង្គការសង្គម និងធនាគារគំនិតជាង ៣០០ នៃប្រទេសនិងតំបន់ជាង ១០០ នៅទូទាំងពិភពលោកបានប្រគល់ «សេចក្តីថ្លែងការណ៍រួម» ជូនលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក ដោយអំពាវនាវឱ្យអង្គការសុខភាពពិភពលោក ធ្វើការសិក្សាស្រាវជ្រាវពីការរកប្រភពដើមនៃវីរុសកូវីដ ១៩ ជាសកលដោយសត្យានុម័តនិងយុត្តិធម៌ ប្រឆាំងជាដាច់ខាតចំពោះការធ្វើឱ្យ បញ្ហាតាមដានរកប្រភពដើមនៃវីរុស ទៅជារឿងនយោបាយ។ នេះគឺជាស្នូរសំរែករួមរបស់ប្រជាជនទូទាំងពិភពលោក ។
ប្រសិនបើអ្នកនយោបាយអាមេរិកទាំងនោះដែលប្រព្រឹត្តិ "ភេរវនិយមក្នុងការតាមដានរកប្រភពដើមនៃវីរុស" ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួននៅតែធ្វើគធ្វើថ្លង់ ក្នុងន័យបន្តចចេសដើរតាមផ្លូវលេងល្បែងនយោបាយដ៏ខុសឆ្គងតទៅទៀត នោះមិនត្រឹមតែនឹងខាតបង់ធនធាននយោបាយបុគ្គលប៉ុណ្ណោះទេ ថែមទាំងក៏នឹងនាំឱ្យអាមេរិកឈរនៅប៉ែកម្ខាង ដែលប្រឈមមុខនឹងសហគមន៍អន្តរជាតិផងដែរ៕ (#CCFR Comment#)