(វ៉ាស៉ីនតោន)៖ ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Novavax នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានសម្រេចពន្យារពេលជាថ្មីម្តងទៀត ជុំវិញការស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់ វ៉ាក់សាំងបង្ការជំងឺ COVID-19 ប្រភេទចាក់ ២ដូស របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី០៦ ខែសីហា ឆ្នាំ២០២១។
កន្លងមក ក្រុមហ៊ុន Novavax ធ្លាប់បានប្រកាសថា នឹងព្យាយាមស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់បន្ទាន់ ពីរដ្ឋបាលចំណីអាហារ និងឱសថរបស់សហរដ្ឋអាមេរិក (FDA) នៅក្នុងត្រីមាសទី ៣ នៃឆ្នាំ២០២១នេះ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនរំពឹងថា នឹងដាក់ការស្នើសុំនៅក្នុងត្រីមាសទី ៤ វិញ។ ទោះបីជាការធ្វើតេស្តវ៉ាក់សាំង បានបង្ហាញលទ្ធផលគាប់ប្រសើរក៏ដោយ ក្រុមហ៊ុន Novavax បានដើរក្រោយក្រុមហ៊ុនអភិវឌ្ឍវ៉ាក់សាំង COVID-19 ដទៃទៀតរបស់អាមេរិក ដូចជា Pfizer និង Johnson & Johnson ជាដើម។
ក្រុមហ៊ុន Novavax បានពន្យារពេលប៉ុន្មានលើករួចមកហើយ ជុំវិញការស្នើសុំការអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំង COVID-19 របស់ខ្លួន ដោយសារតែបញ្ហាមួយចំនួនក្នុងមានដូចជា ការពិបាកស្វែងរកវត្ថុធាតុដើម និងបរិក្ខាចាំបាច់ផ្សេងៗទៀតក្នុងការផលិត។
ទោះជាយ៉ាងនេះក្តី ក្រុមហ៊ុន Novavax បានឲ្យដឹងថា ខ្លួនបានដាក់ការស្នើសុំឲ្យប្រើប្រាស់ នៅក្នុងប្រទេសឥណ្ឌា ឥណ្ឌូណេស៉ី និងហ្វីលីពីន ហើយក៏រំពឹងផងដែរថា នឹងស្នើទៅអង្គការសុខភាពពិភពលោក (WHO) ក្នុងខែនេះ សម្រាប់ការចុះបញ្ជីទទួលស្គាល់។ នាយកប្រតិបត្តិរបស់ Novavax បាននិយាយថា លោករំពឹងថាក្រុមហ៊ុនលោក នឹងអាចក្លាយជាអ្នកចែកចាយវ៉ាក់សាំងធំមួយ ទៅកាន់បណ្តាប្រទេសចំណូលទាប និងមធ្យម៕